
អាមេរិក៖ Taylor Swift និង Joe Alwyn បានបញ្ចប់ទំនាក់ទំនងរយៈពេល ៦ឆ្នាំដែលរឿងមួយនេះបានក្លាយជាប្រធានបទមួយដែលអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាខ្លាំង។ ទន្ទឹមនឹងនេះ តាមរយៈផេក People បានឱ្យដឹងថា តារាប្រុសស្រីទាំង២នេះបានជជែកគ្នាពីរឿងរៀបការកាលពីប៉ុន្មានខែមុនផងដែរ ប៉ុន្តែចុងក្រោយបែរជាប្រកាសដំណឹងចែកផ្លូវគ្នាវិញដោយសារចរិតមិនត្រូវគ្នា។

អ្នកទាំង២ ធ្លាប់បានឈ្លោះគ្នាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែពួកគេបានព្យាយាមត្រលប់មកត្រូវរ៉ូវគ្នាវិញ ហើយបញ្ហាលើកនេះមិត្តភក្តិរបស់ពួកគេយល់ថា ពួកគេនឹងត្រលប់មកត្រូវរ៉ូវគ្នាវិញដូចរាល់ដងមិនខាន ប៉ុន្តែចុងក្រោយផ្ទុយស្រលះពីការគិតរបស់មិត្តភក្តិ Taylor និង Joe ទាំងស្រុងដោយអ្នកទាំង២ បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងគ្នាជាផ្លូវការ។
តាមប្រភពដដែលបានបន្ថែមថា អំលុងពេលនៃការបិទខ្ទប់នៃកូវីដ១៩ Joe បាននៅក្បែរ Taylor ប៉ុន្តែពួកគេបានប្រទះឃើញចំណុចខុសគ្នាជាច្រើនមិនថាប្រជាប្រិយភាព ចំណាប់អារម្មណ៍នៅទីសាធារណៈ។ ចំណែកឯបុគ្គលិកលក្ខណៈកាន់តែស្តែងឱ្យឃើញកាន់តែច្បាស់ក្រោយទាក់ទងគ្នាជាច្រើនឆ្នាំមកនេះ ដូចនេះទើបពួកគេសម្រេចចិត្តរក្សាគម្លាតរៀងខ្លួន។
សម្រាប់ Taylor បានមើលឃើញថា ពួកគេមិនអាចមានអនាគតជាមួយគ្នាឡើយ ដូចនេះការចែកផ្លូវគ្នានេះគឺបញ្ចប់ទៅដោយរលូន៕
