
ឈៀងម៉ៃ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះសត្វខ្លាឃ្មុំផេនដាញីមួយក្បាលទៀតហើយត្រូវបានបាត់បង់ពីសួនសត្វនៅឈៀងម៉ៃ បន្ទាប់ពីមានអាការឈឺខុសធម្មតាកាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ ទោះជាយ៉ាងណាមូលហេតុដែលបណ្តាលឱ្យសត្វខ្លាឃ្មុំផេនដាមានឈ្មោះ Lin Hui នេះត្រូវបាត់បង់ជីវិតភ្លាមៗមិនទាន់មានការបញ្ជាក់ជាផ្លូវការពីខាងសួនសត្វឡើយ។

ខ្លាឃ្មុំផេនដា Lin Hui កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០១ បានផ្លាស់ពីប្រទេសចិនទៅរស់នៅសួនសត្វនៅខេត្តឈៀងម៉ៃកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៣ និងតាមកាលវិភាគ Lin Hui ត្រូវត្រលប់ទៅប្រទេសចិនវិញក្នុងឆ្នាំនេះផងដែរ។ តាមរយៈការបោះឆ្នោតនៅលើគេហទំព័រ The Giant Panda Zoo.com កន្លងមក Lin Hui បានជាប់ពានរង្វាន់មេដាយសំរឹទ្ធជាប្រភេទខ្លាឃ្មុំផេនដាដែលមានបុគ្គលិកលក្ខណៈល្អបំផុត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ខ្លាឃ្មុំផេនដាឈ្មោលមួយក្បាល ត្រូវបានបាត់បង់ជីវិតដោយសារជំងឺបេះដូង បន្ទាប់ពីមានកង្វះអុកស៊ីសែនក្នុងរាងកាយ៕



