×

ស្បែកជើងរបស់អតីតកីឡាករបាល់បោះអាមេរិក Michael Jordan បំបែកកំណត់ត្រាលក់បានថ្លៃបំផុត

ស្បែកជើងមានហត្ថលេខានិងបានពាក់ដោយវីរបុរសបាល់បោះអាមេរិក Michael Jordan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះ NBA ឆ្នាំ ១៩៩៨ លក់បានតម្លៃកំណត់ត្រា ២,២លានដុល្លារ។
ស្បែកជើងម៉ូឌែល The Air Jordan 13 Breds មានពណ៍ក្រហមលាយខ្មៅ ត្រូវបានពាក់ដោយ Jordan ក្នុងការប្រកួតទីពីរនៃវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះអាមេរិក NBA អំឡុងរដូវកាលចុងក្រោយបង្អស់ជាមួយនឹងក្រុម Chicago Bulls។ ស្បែកជើងនេះត្រូវបានគេដាក់ឈ្មោះថា Last Dance ដែលបង្ហាញពីការបង្ហាញខ្លួនលើកចុងក្រោយ។

ការប្រកួតនោះ Michael Jordan រកបានពិន្ទុចំនួន ៣៧ពិន្ទុពីការបោះបាល់បញ្ចូលក្នុងសំណាញ់ទី ជួយឱ្យក្រុម Chicago Bulls ឈ្នះ Utah Jazz ដោយលទ្ធផល ៩៣ពិន្ទុទល់ ៨៨ពិន្ទុ។ Jordan ជាកីឡាករដ៏អស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រ NBA ដែលបានឈ្នះពានរង្វាន់ជាកីឡាករឆ្នើម MVP ៦លើក និងឈ្នះពានរង្វាន់ NBA Championship ៦លើកដូចគ្នា។

ស្បែកជើងនោះ ក៏ជាស្បែកជើងចុងក្រោយដែល Michael Jordan បានពាក់សម្រាប់ការប្រកួតផងដែរ។ កាលពីមុនស្បែកជើងដែលមានកំណត់ត្រាលក់បានថ្លៃបំផុត គឺស្បែកជើងរបស់តារាចម្រៀងអាមេរិក Kanye West ម៉ូឌែល Nike Air Yeezy 1s ដែលលក់បានក្នុងតម្លៃ ១,៨លានដុល្លារក្នុងឆ្នាំ ២០២១។

មិនត្រឹមតែស្បែកជើងទេដែលត្រូវបានលក់ក្នុងតម្លៃដ៏ថ្លៃ ប៉ុន្តែអាវរបស់ Jordan ដែលជាអាវចុងក្រោយនៃការប្រកួត NBA វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៩៨ នោះត្រូវបានលក់ក្នុងតម្លៃ ១០,១លានដុល្លារ ក្នុងឆ្នាំ ២០២២។ អាវរបស់ Michael Jordan បានក្លាយជាអាវកីឡាដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង