
ភ្នំពេញ៖ បន្ទាប់ពីបានប្រកាសស្ថានភាពដែលកំពុងជួបទុក្ខធំម្តាយបានបៀមជំងឺរាប់ឆ្នាំរហូតធ្វើឱ្យតារាសម្តែងលោក បញ្ញា សិទ្ធ បានផ្តាច់ខ្លួនពីសិល្បៈអស់មួយរយៈពេលធំដើម្បីទៅក្រៅប្រទេសរកប្រាក់មកវះកាត់ជំងឺម្តាយដែលកំពុងឈឺធ្ងន់។

បញ្ញា សិទ្ធ បានឱ្យដឹងថាម្តាយរបស់លោកមាន គ្រួស និងពោះវៀនធ្លាក់ដោយលោកបានខំប្រឹងរកប្រាក់គ្រប់វិធីថែមទាំងចងការដើម្បីយកប្រាក់មកព្យាបាលជំងឺម្តាយ ប៉ុន្តែដោយសារប្រឹងអស់លទ្ធផលក្នុងការរកប្រាក់ទៀតលោកក៏បានដាច់ចិត្តផុសបង្ហាញអារម្មណ៍របស់ខ្លួននៅលើហ្វេសបុកថា៖
“កូនមកធ្វើការនៅឆ្ងាយ ដើម្បីសន្សំលុយទុកវះកាត់អ្នកម្តាយ ទ្រាំបន្តិចសិនទៅអ្នកម្តាយ លុយជិតគ្រប់ហើយ ខ្ញុំលែងខ្មាសអ្នកណាទៀតហើយ ដោយសាខ្ញុំអស់លទ្ធភាពមើលថែគាត់ ខ្ញុំបានមើលគាត់អស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំអរគុណបងៗ និងមិត្តៗសិល្បៈដែលជួយដល់អ្នកម្តាយខ្ញុំ នៅចុងខែនេះខ្ញុំនឹងយកគាត់មកប្រទេសថៃហើយ។ ខ្ញុំអស់លទ្ធភាពខ្លួនឯងហើយ ខ្ញុំក៏លែងខ្មាសអៀនដែរ ព្រោះជីវិតគាត់ថ្លៃជាងខ្មាសអៀន។ ថ្ងៃ២៥ ខ្ញុំនឹងយកគាត់ចេញទៅប្រទេសថៃហើយបងប្អូន”។
បន្ទាប់ពីបានផុសពីស្ថានភាពរបស់ខ្លួនពេលនេះហើយ មិត្តអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើនបានចូលរួមឧបត្ថម្ភប្រាក់មួយចំនួនសម្រាប់ បញ្ញា សិទ្ធ ព្យាបាលជំងឺម្តាយរបស់លោកផងដែរ។ អ្វីដែលកាន់តែរំភើបជាងនេះទៅទៀតនោះគឺ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមឧបត្ថម្ភប្រាក់ ៣ម៉ឺនដុល្លារសម្រាប់តារាប្រុសរូបនេះផ្គត់ផ្គង់ថ្លៃវះកាត់ជំងឺម្តាយនាពេលខាងមុខនេះរួមជាមួយពាក្យជូនពរយ៉ាងកក់ក្តៅតទៀតផង៕


