
អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២របស់កម្ពុជាពីភ្នំពេញទៅបាវិតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ខាងមុខ លើទំហំទឹកប្រាក់ប្រមាណ ១.៤០០លានដុល្លារ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នៅថ្ងៃទី២១ ខែមេសានេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនទី២របស់កម្ពុជាពីភ្នំពេញទៅក្រុងបាវិត ខេត្តស្វាយរៀង ព្រំប្រទល់កម្ពុជា វៀតណាម ដែលយើងបានចរចារចប់អស់ហើយនូវកិច្ចព្រមព្រាងរវាងរដ្ឋ និងឯកជន ដែលនឹងបើកការដ្ឋានសាងសងនៅថ្ងៃទី៧ ខែមិថុនាខាងមុខ
នេះ ខណៈគម្រោងផ្លូវមួយនេះគ្រោងនឹងធ្វើរួចរាល់នៅឆ្នាំ២០២៧ ។
លោកថាចំពោះការសាងសង់ផ្លូវ
ល្បឿនលឿនភ្នំពេញ បាវិត ដែលមានប្រវែងប្រមាណ ១៣៥គីម៉ែត្រ ឬក៏ហៅថាផ្លូវល្បឿនលឿនទី២របស់កម្ពុជានេះនឹងត្រូវចំណាយថវិកាសាងសងប្រមាណ ១.៤០០លានដុល្លារ ដោយគ្រោងសាងសង់ឲ្យរួចរាល់នៅឆ្នាំ ២០២៧ខាងមុខ ដើម្បីឲ្យស្របគ្នានឹងផ្លូវពីហូជីមិញមកម៉ុខបាយខាងភាគីវៀតណាម ដើម្បីធ្វើការតភ្ជាប់គ្នានៅបាវិតខេត្តស្វាយរៀងរបស់យើង ដោយផ្លូវខាងភាគីវៀតណាមគេនឹងធ្វើរួចក្នុងឆ្នាំ ២០២៧ ដូចគ្នា។
សូមបញ្ជាក់ជូនថា ខណៈមានការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតប្រវែងប្រមាណ ១៣៥ គីឡូមែត្រនេះនៅត្រើយខាងកើត ក្នុងស្រុកល្វាឯម ខេត្តកណ្តាល រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងសាងសង់ស្ពានមួយឆ្លងទន្លេមេគង្គត្រង់ចំណុចឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយតភ្ជាប់ពីផ្លូវក្រវាត់ក្រុងទី ៣ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ បាវិតនេះដែរ ដើម្បីសម្រួលឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីប៉ែកខាងផ្លូវជាតិលេខ១ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដោយឆ្លងកាត់តាមរយៈស្ពាននេះ និងមិនមានចំណាយថវិកាអ្វីឡើយ ដោយស្ពាននេះសាងសងដោយថវិការដ្ឋផ្ទាល់៕
