
ចិន៖ ធ្លាប់តែជាមនុស្សម្នាក់ដែលត្រូវគេមាក់ងាយលើរូបរាងធាត់ ប៉ុន្តែពេលនេះ Zhao Lusi បានវិវឌ្ឍខ្លួនផ្លាស់ប្តូរក្លាយជានារីម្នាក់ដែលមានរូបរាងតូចច្រឡឹងគួរឱ្យទាក់ទាញ។ តារាស្រីរូបនេះធ្លាប់ចែករំលែកឱ្យដឹងថា នាងជាមនុស្សម្នាក់ដែលងាយឡើងទម្ងន់បំផុត ពេលខ្លះគ្រាន់តែទំនេរបានសម្រាកតែប៉ុន្មានថ្ងៃ ក៏ទម្ងន់នាងអាចឡើងស្រឺតៗបានដែរ។

ទម្រាំបានរូបរាងដូចសព្វថ្ងៃ Zhao Lusi បានអនុវត្តតាមគោលការណ៍របស់ខ្លួនដោយខ្ជាប់ខ្ជួនបំផុត។ តារាស្រីរូបនេះ បានចែករំលែកឱ្យដឹងថា នាងមិនដែលរំលងអាហារពេលព្រឹក និងពេលថ្ងៃឡើយ។ ចំណែកអាហារពេលល្ងាច គឺនាងរំលងចោលប្រសិនឃ្លានខ្លាំងគឺនាងនឹងញ៉ាំបន្លែ ឬផ្លែឈើដែលមានកម្រិតជាតិស្ករទាប។
ក្រៅពីញ៉ាំអាហារដែលមានកម្រិតជាតិស្ករទាប និងអាហារដែលផ្តល់នូវប្រូតេអ៊ីនខ្ពស់ហើយនោះ Zhao Lusi មិនភ្លេចរឿងញ៉ាំទឹកឱ្យបានច្រើននោះឡើយព្រោះបរិមាណទឹកក្នុងខ្លួនគ្រប់គ្រាន់នឹងជួយឱ្យស្បែកភ្លឺថ្លា និងស្រកគីឡូ។ ក្រៅពីចំណុចទាំងប៉ុន្មាននេះហើយ ការធ្វើលំហាត់ប្រាណគឺជាចំណុចចាំបាច់ដែលនាងតែងអនុវត្តរៀងរាល់ព្រឹកផងដែរ។
គួរបញ្ជាក់ដែរថា Zhao Lusi គឺជាតារាស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពម្នាក់ដែលគ្រប់គ្នាទទួលស្គាល់ពីសមត្ថភាពរបស់នាងជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីរូបនេះ ក៏ទទួលបានការកោតសរសើរចំណុចពូកែធ្វើម្ហូបដែលមុនពេលនាងប្រលូកក្នុងវិស័យសិល្បៈនាងគឺជាថៅកែស្រីលក់អាហារនៅសាកលវិទ្យាល័យមួយផងដែរ៕
