×

Man UTD ឡើងប៉ះ Man City វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្រោយទម្លាក់ Brighton

Manchester United របស់លោក Erik ten Hag បានយកឈ្នះ Brighton របស់លោក Roberto De Zerbi នៅវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ FA Cup តាមរយៈការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ៧-៦ ក្រោយស្មើគ្នា ០-០ នៅម៉ោងធម្មតា។

ការប្រកួតរវាង Man UTD និង Brighton ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនេះគឺជាការជួបសងសឹងគ្នាសាជាថ្មីលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ១៩៨៣ ដែលក្រុមទាំងពីរបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup។ កាលនោះ Brighton ក៏រងបរាជ័យក្រោមថ្វីជើង Man UTD ដូចគ្នា។

ការប្រកួតនាទីលាន Wembley នេះគឺក្រុមទាំងសងខាងបានធ្វើការវាយសម្រុកដាក់គ្នា យ៉ាងសស្រាក់សស្រាំ ប៉ុន្តែរយៈពេល៩០នាទី ពួកគេមិនអាចទម្លុះសំណាញ់គ្នាបាននោះឡើយ បើទោះជាមានឱកាសល្អៗច្រើនដងយ៉ាងណាក្តី។

ការប្រកួតក៏បានឈានដល់ ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ដោយក្នុងនោះ Man UTD ធ្វើសម្រេច៧គ្រាប់ ខណៈ Brighton ភ្លាត់គ្រាប់ចុងក្រោយ។ ដូច្នេះ Man UTD គឺជាក្រុមដែលត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ តែម្តង។

រដូវកាល ២០២២-២៣ បិសាចក្រហមស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag និងជាក្រុមម្ចាស់ជើងឯក FA Cup ១២សម័យ កំពុងតែប្រជែងពានលំដាប់ទីពីរអង់គ្លេសមួយនេះ បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ EFL Cup ក្រោយខកខានជាង ៥ឆ្នាំ។

យ៉ាងណាមិញ វគ្គផ្តាច់ព្រ័ត្រ FA Cup ឆ្នាំនេះ ត្រូវបានចាត់ទុកជាជំនួបជួបគ្នាជាប្រវត្តិសាស្ត្រ ដោយ Man UTD ត្រូវប្រកួតទល់នឹង Man City ដែលបានទម្លាក់ Sheffield United ៣-០។ ក្រុមជើងខ្លាំងនៅអង់គ្លេសទាំង២នេះ មិនដែលបានប៉ះគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ណាមួយឡើយ។ ការជួបគ្នាចុងក្រោយរវាង Man UTD និង Man City នៅទីលាន Wembley គឺកាលពីខែសីហា ឆ្នាំ២០១១ ក្រោមការដឹកនាំរបស់ Sir Alex Ferguson ដែល Man UTD បានយកឈ្នះ Man City ៣-២ ក្នុងពានរង្វាន់ Community Shield។

សម្រាប់ការជួបគ្នារវាង Man UTD ទល់នឹង Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup នឹងត្រូវធ្វើឡើងនាទីលាន Wembley នាថ្ងៃទី ៣ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង