
កម្សាន្ត៖ ចាប់តាំងពីក្លាយជាមិត្តស្រីរបស់កីឡាករបាល់ទាត់ល្បីឈ្មោះ Ronaldo មកប្រជាប្រិយភាពរបស់ Georgina ចាប់ផ្តើមរីកសុះសាយខ្លាំង និងទទួលបានសន្ទុះនៃអ្នកចុច Follow គណនី Instagram ក៏បានកើនឡើងជាលំដាប់ផងដែរ។

ការទទួលបាន Follower ច្រើននេះបានធ្វើឱ្យ Georgina អាចរកប្រាក់ចំណូលបានមិនតិចឡើយក្នុងមួយខែៗដោយម្ចាស់ផលិតផលជាច្រើនបានទាក់ទងនាងឱ្យថតផ្សព្វផ្សាយឱ្យពួកគេ។ មកទល់ពេលនេះ Georgina ត្រូវបានប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណ ១០លានដុល្លារដែលបានកែប្រែជីវភាពរបស់នាងពីក្មេងស្រីដែលអាចរកប្រាក់ចំណូលស្តួចស្តើងរហូតក្លាយជាម្ចាស់ទ្រព្យសម្បត្តិខ្ទង់លានដុល្លារត្រឹមមួយប៉ប្រិចភ្នែក។
Georgina ត្រូវបានដឹងថា នាងជាមនុស្សស្រីម្នាក់ដែលស្រលាញ់កាបូបម៉ាកល្បីខ្លាំង រហូតកាបូបម៉ាកល្បីរាប់រយកាបូបត្រូវបាននាងចំណាយប្រាក់ទិញដោយមិនស្តាយ។ តាមរយៈកម្មវិធី “I am Georgina” ដែលទើបចាក់ផ្សាយ Georgina បានបង្ហាញកាបូបដែលនាងទើបទិញថែមទៅកាន់មិត្តភក្តិ នៅពេលសមាជិកម្នាក់លូកដៃចង់ចាប់កាន់កាបូបនោះ ធ្វើឱ្យនាងមានអារម្មណ៍មិនល្អប្រែទឹកមុខមួយរំពេច ហើយនាងបាននិយាយទៅកាន់មិត្តភក្តិរបស់នាងមិនឱ្យកាន់ផ្ទាល់នឹងដៃឡើយ ក្រោយមកនាងបានយកក្រណាត់មួយទៅចាប់កាន់កាបូបទើបហុចឱ្យមិត្តភក្តិរបស់នាងកាន់មើលផ្ទាល់។
ចំពោះប្រតិកម្មនេះដែរ ត្រូវបានមហាជនជាច្រើនរិះគន់ Georgina ថាមានប្រតិកម្មជ្រុលខណៈមហាជនមួយចំនួនទៀតបានបញ្ចេញមតិថា ដោយសារតែនាងស្រលាញ់កាបូបម៉ាកល្បីរបស់នាងខ្លាំងពេកទើបព្យាយាមការពារបែបនេះ៕




