×

ធ្លាប់ត្រូវគេរិះគន់ថាជាតារាស្រីមុខ២ ពេលនេះ Linda Chung ចេញមុខតបវិញបញ្ចប់ចម្ងល់មហាជន

ហុងកុង៖ Linda Chung ត្រូវបានជាប់រហស្សនាមជាតារាស្រីដែលមានមុខ២ ធ្វើឬកពារឆ្មើងឆ្មៃនៅពេលបង្ហាញខ្លួននៅទីសាធារណៈ មិនត្រឹមតែប៉ុណ្ណោះកន្លងមកក៏ធ្លាប់មានបុគ្គល ២រូបអះអាងថាជាអ្នកជិតខាងរបស់នាងនៅប្រទេសកាណាដាថា នៅពេលជួបតារាស្រីរូបនេះនៅក្នុងជណ្តើរយន្តនាងបាននិយាយឱ្យអ្នកជិតខាងរបស់នាងថាយឺតយ៉ាវនាំឱ្យស្ទះជណ្តើរយន្តខាតពេលវេលា។

ខណៈមនុស្សមួយចំនួនបាននាំគ្នាថាតារាស្រីរូបនេះមុខ២ មានអត្តចរឹតគួរឱ្យស្រលាញ់តែនៅមុខកាមេរ៉ាតែក្រោយកាមេរ៉ាបែរជាមានឬកពារឆ្មើងឆ្មៃ សម្តីមិនពិរោះ ក៏មានមហាជនមួយចំនួនបានបញ្ជាក់ថា Linda Chung មិនមែនបែបនេះឡើយ ព្រោះនៅពេលអ្នកគាំទ្រជួបនាងនៅទីសាធារណៈនាងមានអត្តចរឹតរួសរាយធម្មតា។

ដោយធ្លាប់មានពាក្យចចាមអារ៉ាមថានាងជាតារាស្រីមុខ២បែបនេះ ទីបំផុត Linda បានចេញមុខបង្ហាញអារម្មណ៍របស់ខ្លួនថា “ខ្ញុំគិតថាការរក្សាភាពស្ងៀមស្ងាត់គឺជាជម្រើសដ៏ល្អ ព្រោះព័ត៌មានដែលបានចុះផ្សាយសុទ្ធតែមិនមែនជាការពិត ហើយខ្ញុំក៏មិនត្រូវការបកស្រាយអ្វីច្រើនដែរ”។

នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងរូបថតដែលនាងហាក់ព្រងើយកន្តើយនោះ Linda បានឱ្យដឹងថា ចំពោះរូបថតនោះនាងមិនដឹងថាត្រូវបានគេថតតាំងពីពេលណានោះទេ ប្រហែលអំលុងពេលនៃវីរុសកូវីដ១៩ រាលដាលហើយនាងក៏កំពុងមានផ្ទៃពោះផងដែរ។

គួរបញ្ជាក់ដែរថា បើទោះជាពេលនេះនាងលែងមានវត្តមាននៅលើវិថីសិល្បៈទៀតក៏ដោយ ប៉ុន្តែគ្រប់គ្នានៅតែចង់ដឹងជីវិតគ្រួសាររបស់នាងដដែល ហើយបច្ចុប្បន្ន Linda កំពុងរស់នៅជាមួយស្វាមី និងកូនប្រុសស្រី ៣នាក់នៅប្រទេសកាណដាយ៉ាងមានសុភមង្គលជាខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង