ថៃ៖ ព័ត៌មានចចាមអារ៉ាមចែកផ្លូវគ្នារវាង Matt Peeranee និង Songkarn ត្រូវបានចុះផ្សាយព្រោងព្រាត ទោះជាយ៉ាងណាភាគីទាំងសងខាងមិនឃើញមាននរណាចេញមុខបញ្ជាក់ឱ្យអស់ក្តីចម្ងល់របស់អ្នកគាំទ្រឡើយ។
ដោយសារព័ត៌មានប្រេះឆាគ្នារវាងតារាស្រីដែលធ្លាប់ទទួលបានប្រជាប្រិយភាព Matt និងសេដ្ឋី Songkarn មិនទាន់មានការបកស្រាយពីសមីខ្លួនបែបនេះហើយទើបធ្វើឱ្យអ្នកគាំទ្រចាំតាមដានសកម្មភាពអ្នកទាំង២ ជានិច្ច។
ជាក់ស្តែងមានចំណុចមួយចំនួនដែលបង្ហាញតម្រុយឱ្យឃើញពីភាពឆ្ងាយគ្នាលែងឃើញអ្នកទាំង២ផុសរូបជាមួយគ្នាទៀត ប៉ុន្តែចំណុចមួយនេះត្រូវបាន Matt ធ្លាប់ធ្វើការបកស្រាយថាដោយសារមមាញឹកជាមួយការងាររៀងខ្លួនទើបពួកគេមិនសូវបានជួបគ្នាដូចមុន។
ប៉ុន្តែសម្រាប់ចំណុចដែលធ្វើឱ្យអ្នកគាំទ្រកាន់តែសង្ស័យនោះគឺ ថ្ងៃកំណើតម្តាយរបស់ Songkarn ឆ្នាំនេះមិនឃើញវត្តមានរបស់ Matt ដូចរាល់ឆ្នាំឡើយ ផ្ទុយទៅវិញបែរជាឃើញតារាស្រីរូបនេះទៅចូលរួមកម្មវិធីជបលៀងជាមួយនឹងសេដ្ឋី Pok ដែលជាអតីតមិត្តប្រុសរបស់តារាស្រីលំដាប់ប្រទេស Aum Patcharapa ទៅវិញ។
គួរបញ្ជាក់ដែរថា ចំណុចមួយនេះកំពុងធ្វើឱ្យគ្រប់គ្នាយល់ថា ពាក្យចចាមអារ៉ាមដែលធ្លាប់ផ្ទុះឡើងថា Matt ជាជនទី៣ ធ្វើឱ្យស្នេហារវាង Pok និង Aum ឈានដល់ដំណាក់កាលចែកផ្លូវគ្នានេះគឺជារឿងពិតដោយសារភាពរកាំរកូសជាមួយ Songkarn ទើបនាងបង្វែរទិសដៅទៅ Pok វិញបែបនេះ៕