ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វេីការណែនាំមិនឱ្យពលរដ្ឋកម្ពុជា រើសអើង ឬស្អប់ខ្ពើមចំពោះកីឡាករ ប៊ួ ខាវ របស់ថៃ ទោះជាមិនមក ឬមកចូលរួមស៊ីហ្គេមនៅកម្ពុជាក៏ដោយ។ ការណែនាំដូចនេះបានធ្វេីឡេីងនៅក្នុងសារតេឡេក្រាម នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីមានការបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានចេតនាឱ្យមានការស្ងប់ខ្ពេីម និងរេីសអេីង។
សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងយ៉ាងដូច្នេះថា ៖ “កូនប្រុសភាសាប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករ ប៊ួ ខាវ មិនមកឬមក យើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។
កូនត្រូវមើលឲ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឱ្យប្រជាជនថៃជាង៦០លាននាក់ ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេស និងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាព និងសាមគ្គីភាពជាមួយគ្នា។ សូមកុំឱ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឱ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិ និងជាតិប្រទេស និងប្រទេស។
សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើង ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាសុីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វេីជាម្ជាស់ផ្ទះ”៕