ការប្រកួតលើកទីមួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទទួលបានការចូលទស្សនាពេញកីឡដ្ឋាន នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីសំបុត្រចូលទស្សនាឥតគិតថ្លៃ ត្រូវបានចែកអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ហេតុនេះនៅព្រឹកថ្ងៃចន្ទនេះ ដែលជាពេលវេលាកំណត់នៃការចែកសំបុត្រឥតគិតថ្លៃ ជំនួបទី២របស់កម្ពុជា គេសង្កេតឃើញថា អ្នកគាំទ្ររាប់ពាន់នាក់ បានសម្រុកទៅទទួលសំបុត្រនៅទីតាំងស្ដង់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្នករង់ចាំយកសំបុត្រជាច្រើនកុះករ បានតម្រង់ជួរយ៉ាងវែងអន្លាយ ដើម្បីទទួលសំបុត្រទស្សនាការប្រកួតរវាងក្រុមកម្ពុជា ទល់នឹងហ្វីលីពីន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ។
សូមជម្រាបថា នេះមិនមែនជាទីតាំងតែមួយគត់ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចែកសំបុត្រទស្សនាឥតគិតថ្លៃនោះទេ។ ដោយទីតាំងចែកសំបុត្រចំនួន ៤ ទីទាំងផ្សេងទៀត រួមមាន៖ The BLUE Sports Center, Fan Sport Store, Double H Sport និង Sport Castle Sornthomok ។
កម្ពុជា បានយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ៤-០ ក្នុងការប្រកួតទីមួយ ពូល A ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន។ ប្រកួតបន្ទាប់ កម្ពុជាមានភារកិច្ចទទួលក្រុមហ្វីលីពីន នាថ្ងៃអង្គារ ទី២ ខែឧសភា វេលាម៉ោង៧យប់តទៅ៕
ប្រភពរូប៖ ហ្វេសប៊ុក