×

អតីតតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត សុំចិត្តបងប្អូនខ្មែរកុំតបតភាសាអសុរសជាមួយប្រទេសជិតខាងបើទោះជាភាគីណាមួយឈ្នះ ឬ ចាញ់ការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា នេះអតីតតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានធ្វើការផ្សាយផ្ទាល់ជជែកកម្សាន្តជាមួយអ្នកគាំទ្រដោយក្នុងនោះលោកក៏បានឆ្លៀតបង្ហាញអារម្មណ៍រំភើបចំពោះកម្ពុជាដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរដែលនេះជាមោទកភាពមួយរបស់ប្រទេសកម្ពុជាដែលបានរង់ចាំអស់រយៈពេលជាយូរឆ្នាំណាស់មកហើយ។

ទន្ទឹមនឹងការប្រកួតបានកន្លងផុតអស់ជាច្រើនវិញ្ញាសារផងនោះ នៅលើបណ្តាញសង្គមឃើញមានផ្ទុះឡើងនូវសង្គ្រាមពាក្យសម្តីរវាងប្រទេសកម្ពុជា និងប្រទេសថៃជាហូរហែ។ ស្របពេលនេះដែរ អតីតតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានសុំចិត្តបងប្អូនខ្មែរទាំងអស់ឱ្យរក្សាអាកប្បកិរិយាដោយរក្សាភាពថ្លៃថ្នូរកុំតបតដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យណាមួយ ជៀសវាងបរទេសវាយតម្លៃប្រជាពលរដ្ឋខ្មែរយើងក្នុងផ្លូវអវិជ្ជមាន។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលបានរៀបចំឡើងនៅប្រទេសតូចតែបេះដូងធំមួយនេះទទួលបានការកោតសរសើរជាខ្លាំងរហូតសូម្បីសារព័ត៌មានក្រៅស្រុកជាច្រើនបានធ្វើការចុះផ្សាយព្រោងព្រាត។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារកម្ពុជាទៅដល់កីឡាករទាំងអស់ត្រូវបានយកចិត្តទុកដាក់ខ្ពស់រហូតទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីកីឡាករបរទេសផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង