
តៃវ៉ាន់៖ ក្រោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍រយៈពេល ១០ឆ្នាំមក Babie Hsu និងអតីតស្វាមីជាអ្នកជំនួញ Wang Xiaofei ហាក់មិនបានបញ្ចប់គ្នាដោយសន្តិវិធីឡើយដោយអ្នកទាំង២ តែងមានការប្តឹងផ្តល់គ្នាឥតឈប់ឈរ។

រឿងក្តីប្តឹងផ្តល់ថ្លៃសិទ្ធចិញ្ចឹមកូនទើបបានបញ្ចប់ទៅមិនយូរប៉ុន្មាន ពេលនេះ Babie បានប្តឹងអតីតស្វាមីសាជាថ្មីបន្ទាប់ពីលោកយកកូនប្រុសស្រីទាំង ២ទៅឆ្លងថ្ងៃកំណើតកាលពីថ្ងៃទី១៤ ខែឧសភា នេះដោយបានបង្ហាញមុខកូនទាំង២នេះច្បាស់ៗនៅផេកបណ្តាញសង្គមរបស់លោកធ្វើឱ្យ Babie មិនបង្អង់យូរដោយដាក់ពាក្យបណ្តឹងនៅថ្ងៃបន្ទាប់គឺថ្ងៃទី១៥ ខែឧសភា តែម្តង។
តាមសេចក្តីព្រមព្រៀងគ្នានៅក្នុងលិខិតលែងលះ អ្នកទាំង២បានយល់ស្របរក្សាឯកជនភាពកូនប្រុសស្រីទាំង២ ដើម្បីចៀសវាងរឿងហេតុមិនល្អណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ Babie ក៏សង្ឃឹមថាកូនរបស់នាងទាំង២នឹងអាចមានជីវិតរស់នៅពោរពេញដោយភាពរីករាយដូចក្មេងឯទៀតផងដែរ ដូចនេះហើយក្រោយលែងលះគ្នាជាមួយនឹង Wang Xiaofei តារាស្រីរូបនេះបានកាត់បន្ថយការចែករំលែករូបកូនៗរបស់នាងនៅលើបណ្តាញសង្គមផងដែរ៕


