សារព័ត៌មានក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការភ្ញាក់ផ្អើលជាមួយឧប្បត្តិហេតុដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២រវាងប្រទេសថៃ និងឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃទី១៦ ខែឧសភា។
ប្រព័ន្ធផ្សព្វផ្សាយថៃបានសម្តែងការខកចិត្ត ថៃចាញ់ឥណ្ឌូណេស៊ីដោយលទ្ធផល ៥-២ ក្រោយលេង ១២០ នាទី។ នេះជាការប្រកួតដ៏តានតឹងមួយដោយមានកាតក្រហមចំនួន៧ និងកាតលឿងចំនួន ១២។
សារព័ត៌មានថៃ Matichon បានសង្កត់ធ្ងន់លើការផ្ដល់កាតពិន័យក្នុងការប្រកួតនេះថា៖ “ចំនួនកាតក្រហមមិនអាចរាប់បានទេ។ U22 ថៃ ចាញ់ឥណ្ឌូណេស៊ី ២-៥”។ Matichon បន្តថា “ក្រុមដំរីសឹក” មិនអាចឈ្នះមេដាយមាសក្នុងស៊ីហ្គេម ៣លើកជាប់ៗគ្នា បន្ទាប់ពីពួកគេបានគ្រងតំណែងក្នុងឆ្នាំ២០១៧។
សារព័ត៌មានថៃ Siam Sport បានចេញផ្សាយអត្ថបទមួយដែលមានចំណងជើងថា៖ “ថៃបានបាត់បង់មេដាយមាស។ U22 ឥណ្ឌូណេស៊ីឈ្នះក្នុងម៉ោងបន្ថែមក្នុងការប្រកួតដែលមានកាតក្រហមច្រើនបំផុត”។
ទន្ទឹមនេះ សារព័ត៌មានឥណ្ឌូណេស៊ីសប្បាយចិត្តចំពោះមេដាយមាសស៊ីហ្គេមលើកទី៣២។ Bola Times បានសរសេរថា៖ “បន្ទាប់ពីការរង់ចាំអស់រយៈពេល៣២ឆ្នាំ ទីបំផុត U22 ឥណ្ឌូណេស៊ីបានឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣២ នៅពេលយកឈ្នះលើក្រុមថៃក្នុងលទ្ធផល ៥-២” ។ លើសពីនេះ Bola Times ក៏បានលើកឡើងពីស្ថានភាពនៃការប៉ះទង្គិចគ្នារវាងកីឡាករ និងគ្រូបង្វឹករបស់ក្រុមទាំងពីរក្នុងម៉ោងបន្ថែម ដែលនាំឱ្យមានការពិន័យជាបន្តបន្ទាប់។
ចំណងជើងរបស់សារព័ត៌មាន CNN Indonesia ៖ “ឥណ្ឌូណេស៊ីបានគ្រងជើងឯកនៅស៊ីហ្គេមបន្ទាប់ពីរង់ចាំអស់រយៈពេល ៣២ ឆ្នាំ”។ សារព័ត៌មានឥណ្ឌូណេស៊ីដដែលបានបន្តថា នេះជាលើកទី៣ហើយ ដែលក្រុមយុវជនឥណ្ឌូណេស៊ី ដណ្ដើមបានមេដាយមាស លើវិញ្ញាសាបាល់ទាត់បុរស នៅស៊ីហ្គេម។ ឥណ្ឌូណេស៊ី បានឈ្នះមេដាយមាស២ដង ក្នុងឆ្នាំ១៩៨៧ និងឆ្នាំ១៩៩១។
សារព័ត៌មាន Bola Okezone បានសរសើរគ្រូបង្វឹក និងអ្នកចាត់ការឥណ្ឌូណេស៊ី Indra Sjafri ថា៖ “U22 ឥណ្ឌូណេស៊ី បានបង្ហាញស្មារតីក្នុងនាមជាម្ចាស់ជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតស៊ីហ្គេម លើកទី៣២ ដោយយកឈ្នះ U22 ថៃ ដោយលទ្ធផល ៥-២”។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី ក៏បានកត់សម្គាល់ផងដែរអំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ Flashsukan បានសរសេរថា៖ “ក្រោយផ្តួលថៃ U22 ឥណ្ឌូណេស៊ីឈ្នះមេដាយមាសស៊ីហ្គេម”៕