×

ប្រធានសមាគមបាល់ទាត់ថៃគាំទ្រលោកIssaraបន្តដឹកនាំ និងព្រមឱ្យកីឡាករ Jonathanចូលនិវត្តន៍

លោក Somyot Poompunmuang ប្រធានសមាគមកីឡាបាល់ទាត់ថៃ កំពុងរក្សាជំនឿលើលោក Issara Sritaro បើទោះបីជាក្រុមនេះ បានរងបរាជ័យក្នុងការដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជាក៏ដោយ។

ថៃ បានចាញ់ឥណ្ឌូណេស៊ី ៥-២ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលមានការប៉ះទង្គិចគ្នារវាងកីឡាករ និងគ្រូបង្វឹកនៃភាគីទាំងសងខាងកាលពីយប់ថ្ងៃអង្គារ។

ក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈជាលើកដំបូងរបស់គាត់ ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រធានសមាគមនបាល់ទាត់ថៃ បានសង្កត់ធ្ងន់ថា គាត់នៅតែគាំទ្រគ្រូបង្វឹក U23ថៃ ពោលគឺលោក Issara ។ លោក Somyot បានមានប្រសាសន៍ថា៖ “ជុំវិញអនាគតរបស់គ្រូបង្គោលក្រុម U23 ថៃ Issara Sritaro ខ្ញុំនៅតែគាំទ្រគាត់ឱ្យបន្តការងាររបស់គាត់ជាធម្មតា”។

លោកក៏បានធ្វើការអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ខ្សែការពារថៃកាត់ដាណឺម៉ាក Jonathan Khemdee ក្នុងការចាកចេញពីក្រុមជម្រើសជាតិ។ លោក Somyot បានបញ្ជាក់ថា គាត់បានដឹងរឿងនេះ ក្រោយខ្សែការពារខាងលើបានប្រកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រធានសមាគមបាល់ទាត់ថៃបានបន្ថែមថា៖ “ប្រសិនបើគាត់ [Jonathan] ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ នោះវាជាសិទ្ធិរបស់គាត់ក្នុងការសម្រេចចិត្តបែបនេះ។ យើងមិនមានការជំទាស់បាននោះទេ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង