លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា រដ្ឋាភិបាលគ្រោងស្នើឱ្យអង្គការយូណេស្កូដាក់បញ្ជូលក្រមាដែលថៃហៅថា “Pha Khao Ma” ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
លោក Anucha បាននិយាយថា នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា រំពឹងថា Pha Khao Ma នឹងក្លាយជាវត្ថុ Solf-power ដើម្បីផ្សព្វផ្សាយពីប្រទេសថៃ បន្ទាប់ពីការសម្តែងចំនួនពីរដោយអ្នករាំថៃ ស្លៀកសម្លៀកបំពាក់ប្រពៃណី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងទិវារបាំពិភពលោកឆ្នាំ២០២៣។
គណៈរដ្ឋមន្ត្រីថៃ បានសម្រេចកាលពីខែកុម្ភៈ ដើម្បីពិចារណាស្នើចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីទៅអង្គការយូណេស្កូ។
លោក Anucha បាននិយាយថា លោកប្រាយុទ្ធ ចាន់អូចា ចង់ឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់លើកឡើងពីទម្រង់នៃ Pha Khao Ma ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទូទាំងពិភពលោក។
នៅក្នុងសៀវភៅស្តីពីវប្បធម៌ចែករំលែករបស់អាស៊ីអាគ្នេយ៍របស់លោក Sujit Wongted បានសរសេរថា Pha Khao Ma មាននៅក្នុងតំបន់រាប់សតវត្សមកហើយ។ លោកថា Pha Khao Ma ត្រូវបានគេស្គាល់តាមឈ្មោះផ្សេងទៀតនៅក្រៅប្រទេសថៃ ជាឧទាហរណ៍ ប្រជាជនខ្មែរ ហៅថា “ក្រមា”៕