សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) នៅថ្ងៃទី២៣ ខែឧសភានេះ បានចេញសេចក្ដីសម្រេចរបស់ខ្លួនជុំវិញការប៉ះទង្គិចបង្ករបួសស្នាម នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយឥណ្ឌូណេស៊ីយកឈ្នះថៃក្នុងលទ្ធផល ៥-២ ។
សមាគមបាល់ទាត់ថៃ បានឱ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់ជាស្ថាពររកឃើញថា បុគ្គលិកនិងកីឡាកររបស់ខ្លួនចំនួន ៥រូប បានប្រព្រឹត្តខុសឆ្គងទៅលើសមាជិកនៃក្រុមឥណ្ឌូណេស៊ី ក្នុងនោះមានបុគ្គលិកដែលជាគ្រូបង្វឹកចំនួន ៣រូប និងកីឡាករចំនួន ២រូប។
គ្រូបង្វឹកទាំង៣រូប ត្រូវពិន័យមិនឱ្យពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល ១ឆ្នាំ។ រីឯអ្នកចាំទី Soponwit Rakyart និងកីឡាករ Thirapak Prueangna ត្រូវបានពិន័យរយៈពេល ៦ខែ។ សេចក្ដីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃនេះតទៅ៕