×

Ice Preechaya ថានៅពេលនាងជួបគ្រោះថ្នាក់ចរាចរណ៍ខូចសម្រស់ មិត្តប្រុសនាងបានចាកចេញពីនាងដោយមិនស្តាយស្រណោះ

ថៃ៖ មហាជនមួយចំនួនដែលមិនបានដឹងសាច់រឿងបានបញ្ចេញមតិថាសម្រស់ធម្មជាតិរបស់តារាស្រី Ice Preechaya មានភាពស្រស់ស្អាតស្រាប់ មិនគួរណាទៅកែសម្ជស្សបែបនេះឡើយ។ ប៉ុន្តែការពិតនៅពីក្រោយដែលពួកគេមិនបានដឹងនោះគឺ មុខមាត់ថ្មីរបស់តារាស្រីរូបនេះបណ្តាលមកពីនាងធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរស្ទើរបាត់បង់ជីវិត និងធ្វើឱ្យមុខរបស់នាងរងការខូចខាតយ៉ាងដំណំសូម្បីនាងខ្លួនឯងក៏មិនហ៊ានឆ្លុះកញ្ចក់ឡើយ។

គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីនាងប្រញាប់ទៅថតនៅរសៀលម៉ោង ៦:៣០នាទី និងដោយសារហ្វ្រាំងឡានមិនស៊ីទើបធ្វើឱ្យតារាស្រីរូបនេះត្រូវជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្នាក់នេះ។ កន្លងទៅអស់រយៈពេលជាយូរឆ្នាំមកហើយ ទើបនៅថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ Ice បានចេញមុខបកស្រាយពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តកែសម្ជស្ស។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអាណិតនាងនោះគឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខូចសម្រស់បានធ្វើឱ្យអតីតមិត្តប្រុសរបស់នាងចាកចោលនាងទាំងពេលដែលនាងកំពុងមានបញ្ហា។ Ice បានរម្លឹកថា នៅពេលដែលមានបញ្ហាធំបែបនេះកើតឡើងគឺមានតែម្តាយនាងម្នាក់ប៉ុណ្ណោះដែលនៅក្បែរខ្លួនជានិច្ច។

គួរបញ្ជាក់ដែរថា គ្រោះថ្នាក់ដែលធ្វើឱ្យនាងលែងហ៊ានឆ្លុះកញ្ចក់មើលមុខខ្លួនឯង និងត្រូវចាកឆ្ងាយពីសិល្បៈមួយរយៈពេលវែងផងនោះបានធ្វើឱ្យ Ice បាក់ទឹកចិត្តជាខ្លាំង ទោះជាយ៉ាងណាដោយសារមានកម្លាំងចិត្តពីអ្នកគាំទ្រទើបធ្វើឱ្យនាងអាចក្រើកឈរឡើងសាជាថ្មីដើម្បីបោះជំហានចូលសិល្បៈឡើងវិញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង