ខ្សែបម្រើ Thirapak Prueangna បានទទួលការពិន័យពីម្ចាស់ក្លិបបាល់ទាត់លីគកំពូលថៃ Buriram United បន្ទាប់ពីចូលរួមក្នុងការវាយតប់នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
សារព័ត៌មានថៃបានរាយការណ៍ថា ក្លិប Buriram United បានចេញការពិន័យលើខ្សែបម្រើ Thirapak ដោយព្យួររយៈពេល ៦ ខែ និងកាត់ប្រាក់ខែចំនួន ២៥% ។ Buriram United បានចេញលិខិតនៅលើបណ្តាញសង្គមដើម្បីសូមការអភ័យទោសចំពោះអាកប្បកិរិយារបស់ Thirapak Prueangna ហើយក៏បានប្រកាសដាក់ទោសលើកីឡាករដែលកើតក្នុងឆ្នាំ២០០១ផងដែរ។
ម្ចាស់ជើងឯក Thai League បាននិយាយថា វាគឺជាមេរៀនមួយសម្រាប់ពួកយើងក្នុងការរៀនសូត្រពីការអប់រំកីឡាករក្មេងៗនៅក្នុងក្លិប។ Buriram United សូមអំពាវនាវដល់កីឡាកររបស់ក្លិប ពេលតំណាងឱ្យក្រុមជម្រើសជាតិគ្រប់កម្រិត ត្រូវគ្រប់គ្រងអាកប្បកិរិយា និងអារម្មណ៍របស់ខ្លួន ត្រូវតែគិតពីមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ក្រុមជាមុនសិន។
កន្លងមក សមាគមកីឡាបាល់ទាត់ថៃ បានចេញការពិន័យជាផ្លូវការចំពោះបុគ្គលិកគ្រូបង្វឹក និងកីឡាករដែលជាប់ពាក់ព័ន្ធនឹងការវាយតប់គ្នាក្នុងការប្រកួត។ លោក Prasadchok Chokmoh, លោក Mayed Madad និងលោក Patrawut Wongsripuek ជាគ្រូបង្វឹក ត្រូវបានហាមឃាត់មិនឱ្យបំពេញកាតព្វកិច្ចនៅគ្រប់កម្រិតរយៈពេល ១ ឆ្នាំ។អ្នកចាំទី Sophonwit Rakyath និងកីឡាករ Thirapak Prueangna បានទទួលពិន័យ ៦ខែ៕