ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកទ្វារទទួលអត្តពលិកជនពិការមកពីបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលមកចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
រូបនិម្មិតផ្លូវការនៃប្រភេទកីឡាដែលត្រូវប្រកួតចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែមិថុនា កំពុងត្រូវបានដំឡើងរួចរាល់ជាបណ្ដើរៗ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមទទួលកីឡាករចូលរួមប្រកួតលើ១៣ប្រភេទកីឡា បូកកីឡាសម្ដែង១ប្រភេទ។ ក្រៅពីការរៀបចំខាងក្នុង ក្រុមការងារសម្អាតខាងក្រៅ ក៏បានលាងសម្អាតអនាម័យបរិស្ថាន នៅលើមហាវិថីឈ្នះ ឈ្នះ ផងដែរ។
អត្តពលិកកម្ពុជាដែលមានពិការភាព ចំនួន ២៣៦នាក់ ប្រុស ១៦០នាក់ និងស្រី ៧៦នាក់ បានចុះឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។
កីឡាទាំង ១៤ប្រភេទរួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់ (៥ទល់៥), បាល់ទាត់ (៧ទល់៧), បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ, និងកីឡាអេឡិចត្រូនិក៕