សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រនូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈពិធីបើកព្រឹត្តិការណ៍កីឡានេះ នឹងធ្វើនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ដោយមានការរៀបចំដូចព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយជោគជ័យផងដែរ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិតសរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖ “នៅយល់តែ៨ថ្ងៃទៀតទេក្មួយៗ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឱ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះត្រូវរៀបចំលិខិតឱ្យមកក្រសួងការងារចែកឱ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទេ”។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ សម្តេចនឹងជួបសំណេះសំណាលជាមួយ អត្តពលិកកីឡាជនពិការរបស់កម្ពុជា ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ អត្តពលិកកម្ពុជាដែលមានពិការភាព ចំនួន ២៣៦នាក់ ប្រុស ១៦០នាក់ និងស្រី ៧៦នាក់ បានចុះឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។
កីឡាទាំង ១៤ប្រភេទរួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់ (ម្ខាង៥), បាល់ទាត់ (ម្ខាង៧), បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ, និងកីឡាអេឡិចត្រូនិក៕