គិតមកទល់ពេលនេះ គេបានរកឃើញក្រុម Burnley និង Sheffield United នឹងបានឡើងមកកាន់ក្របខណ្ឌ Premier League ដោយស្វ័យប្រវត្តិសម្រាប់រដូវកាល ២០២៣-២៤ ។
រវាង Luton Town និង Coventry City នឹងមានក្រុមមួយនឹងក្លាយជាក្រុមចុងក្រោយដែលត្រូវចូលរួមជាមួយក្របខណ្ឌលីគកំពូលអង់គ្លេស។ Luton បានបង្ហាញខ្លួននៅក្នុងក្របខណ្ឌកំពូលចុងក្រោយបំផុត កាលពីឆ្នាំ១៩៩២ ខណៈ Coventry លេងប្រកួតចុងក្រោយរបស់ខ្លួននៅ Premier League កាលពីឆ្នាំ២០០១។
កាលពីឆ្នាំ២០១៨ Luton និង Coventry សុទ្ធតែស្ថិតក្នុងលីគលំដាប់ទី៤ នៃបាល់ទាត់អង់គ្លេស។ ឥឡូវនេះក្រុមទាំងពីរ ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីត្រឡប់មកក្របខណ្ឌ Premier League សាជាថ្មី។
សម្រាប់ការប្រកួតវគ្គ Playoffs ក្រុមលេខ៣ Luton Town បានយកឈ្នះក្រុមលេខ៦ Sunderland ក្នុងលទ្ធផល ៣-២ ខណៈក្រុមលេខ៥ Coventry City បានយកឈ្នះលើក្រុមលេខ៤ Middlesbrough ក្នុងលទ្ធផល ១-០។ Luton នឹងជួបក្រុម Coventry ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Playoff នៃក្របខណ្ឌ Championship ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley នៅថ្ងៃសៅរ៍ទី២៧ ខែឧសភា ចាប់ពីម៉ោង ១០:៤៥នាទីយប់តទៅ (ម៉ោងនៅកម្ពុជា)។
គួរបញ្ជាក់ថា Burnley បានឈ្នះជើងឯក Championship កាលពីថ្ងៃទី២៥ ខែមេសា បន្ទាប់ពីបានផ្តួលក្រុម Blackburn Rovers ។ ចំណែក Sheffield United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីពួកគេ បានធ្លាក់ទៅលេងនៅក្របខណ្ឌលីគទីពីរអង់គ្លេស កាលពីឆ្នាំ២០២១៕