×

គ្រូ Man City ប្រាប់មូលហេតុមិនដាក់កីឡាករសំខាន់ជាច្រើនរូបក្រោយចាញ់ Brentford ក្នុងការប្រកួតបិទរដូវកាល

ក្រុម Man City បានបិទបញ្ចប់ក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ នេះ ជាមួយនឹងការបរាជ័យក្រោមថ្វីជើងក្រុម Brentford ដោយលទ្ធផល ១-០ កាលពីយប់មិញ។

ជំនួបនាទីលាន Gtech Community នោះ ក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់ពីសំណាញ់ទីគ្នាបាននោះទេ នៅ៤៥នាទីដំបូង។
ភាពស្ងប់ស្ងាត់គ្មានគ្រាប់បាល់ បានរក្សារហូតដល់ វគ្គទី២ នាទី ៨៥ ទើបខ្សែការពារ Ethan Pinnock បានស៊ុតបញ្ចូលទី១គ្រាប់ ផ្តល់ការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Brentford ខណៈ Man City មិនអាចស្វែងរកគ្រាប់បាល់នោះទេ។ លទ្ធផល ១-០ នេះ បានរក្សាដល់ចប់ការប្រកួត ដែលមានន័យថា Brentford ជាអ្នកទទួលបានជ័យជម្នះ។

ទោះយ៉ាងណា ការប្រកួតនេះ ក្រុមជើងឯកលីគកំពូលអង់គ្លេស Man City បានអវត្តមានកីឡាករសំខាន់ៗជាច្រើនរូបដូចជា Kevin De Bruyne, Jack Grealish និង Ruben Dias ខណៈកីឡាករសំខាន់ផ្សេងទៀតដូចជា Erling Haaland និង Bernardo Silva ជាដើម មិនត្រូវបានលោក Pep Guardiola ប្តូរចូលទីលាននោះទេ។ សម្រាប់អវត្តមានកីឡាករទាំងនោះ ត្រូវបានគ្រូបង្វឹកជនជាតិអេស្ប៉ាញ លើកឡើងថា ដោយសារពួកគេមានស្ថានភាពមិនច្បាស់លាស់។

លោក Pep Guardiola បានថ្លែងថា៖ “យើងមានកីឡាករ ៤ ទៅ ៥ នាក់ដែលមិនត្រឹមតែមានរបួសទេ ប៉ុន្តែមានស្ថានភាពសុខភាពមិនច្បាស់លាស់ទៀត។ យើងក៏កីឡាករដែលមានភាពនឿយហត់ច្រើនមកហើយ។ យ៉ាងណាមិញ ការបរាជ័យនេះ នឹងមិនប៉ះពាល់អ្វីទាំងអស់ ហើយយើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួតដែលនៅសល់ផ្សេងទៀតរបស់យើង។”

សូមបញ្ជាក់ថា ការបញ្ចប់រដូវកាល Premier League ២០២២-២៣ នេះ ក្រុម Man City ជាម្ចាស់ជើងឯក ខណៈ Arsenal នៅលេខ២ Man UTD នៅលេខ៣ ហើយ Newcastle United នៅលេខ៤ ដែលមានកៅអីទៅ UEFA Champions League រដូវកាលក្រោយ។ Liverpool ស្ថិតនៅលេខ៥ ហើយ Brighton នៅលេខ៦ ជាកៅអីទៅកាន់ពានរង្វាន់ UEFA Europa League ខណៈ Aston Villa នៅលេខ៧ ជាកៅអីទៅកាន់ពានរង្វាន់ Europa Conference League។ ក្រុមចំនួន៣ ដែលត្រូវបានកាត់ចេញពី Premier League រដូវកាលក្រោយមាន Leicester City Leeds United និង Southampton៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង