ភ្នំពេញ៖ តារាស្រីជំនាន់ក្រោយ ហ្វាហ្វា កំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ដែលបច្ចុប្បន្នពេលវេលាមួយចំណែកធំរបស់នាងគឺបានចំណាយទៅលើការងារស្ទើរទាំងស្រុងតែម្តង។ ក្រៅពីទំនេរពីការសម្តែងហើយ ហ្វាហ្វា ក៏មានទីផ្សារខ្លាំងក្នុងការថតផ្សព្វផ្សាយផលិតផលនៅលើបណ្តាញសង្គមរហូតម្ចាស់ផលិតផលល្បីៗជាបន្តបន្ទាប់បានទាក់ទងនាងឱ្យធ្វើជាអ្នកតំណាងផ្ទាល់ប្រចាំផលិតផលរបស់ពួកគេទៀតផង។
ដោយសារភាពតស៊ូ និងសមត្ថភាពដ៏លេចធ្លោរបស់តារាសម្តែងស្រីរូបនេះបានធ្វើឱ្យនាងអាចឆក់បានតំណែងតួឯកក្នុងភាពយន្តបុរាណ និងសម័យជាច្រើនកន្លងមករហូតមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកប្រាកដជាបានឃើញពីសមត្ថភាពនៃការសម្តែងរបស់នាងជាមិនខាន។ ជាក់ស្តែងរូបនាងក៏ធ្លាប់សម្តែងភាពយន្តបុរាណ មាយាស្ត្រី ដែលធ្លាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN កន្លងមកផងដែរ។
យ៉ាងណាមិញ សម្រាប់ឆ្នាំ ២០២៣ នេះដែរ ហ្វាហ្វា នឹងមានវត្តមានក្នុងភាពយន្តបុរាណសាជាថ្មីគឺរឿង “ចោះត្រចៀក” ដែលលើកនេះនាងសម្តែងជាតួអង្គភរិយារបស់សេដ្ឋីដែលមានប្រាក់ចាយមិនអស់ និងអ្នកបម្រើឆ្វេងស្តាំ ប៉ុន្តែបែរស្វាមីមានចិត្តមិនទៀងត្រង់លួចទាក់ទងជាមួយស្រីបម្រើក្នុងផ្ទះបង្កឱ្យមានបញ្ហាជម្លោះរហូតកំហឹងឆេះឆួលខ្លាំងធ្វើឱ្យនាងហ៊ានលើកដៃកាន់ញញួរ និងដែកគោលចោះត្រចៀកស្រីកំណាន់ស្វាមីខ្លួនរហូតមានស្នាមប្រហោងដ៏ធំ។
ដូចនេះដើម្បីដឹងសាច់រឿងយ៉ាងណាកាន់តែច្បាស់ និងបានទស្សនាសមត្ថភាពសម្តែងរបស់ ហ្វាហ្វា នៃឆ្នាំ ២០២៣ ក្នុងរឿងភាគបុរាណរឿង “ចោះត្រចៀក” ថាគួរឱ្យចាប់អារម្មណ៍ខ្លាំងប៉ុណ្ណាកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ក្នុងពេលឆាប់ៗនេះ៕