×

បន្ទាប់ពី BLACKPINK សរសេរពាក្យអរគុណអ្នកគាំទ្រនៅម៉ាកាវដោយប្រើពាក្យ “Macanese” ធ្វើឱ្យមានមតិរិះគន់ផ្ទុះឡើងព្រោងព្រាត

ម៉ាកាវ៖ ក្រុមតារាចម្រៀងដ៏មានឥទ្ធិពល BLACKPINK បានធ្វើដំណើរជុំវិញពិភពលោកជាមួយការប្រគំតន្ត្រី Born Pink Tour របស់ពួកគេតាំងពីខែកញ្ញា ឆ្នាំ២០២២ ម្ល៉េះដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រដែលបានទន្ទឹងរង់ចាំវត្តមានរបស់ក្រុមតារាចម្រៀងកំពុងមានសន្ទុះក្នុងវិស័យ Kpop នាពេលបច្ចុប្បន្ន។

កម្លាំងចិត្តដែលបានមកពីអ្នកគាំទ្រ បានធ្វើឱ្យក្រុមតារាចម្រៀងស្រីទាំង៤ តែងផុសរូបដើម្បីអរគុណអ្នកគាំទ្រដែលបានចូលរួម និងលះបង់ឈរតម្រង់ជួរអស់ជាច្រើនម៉ោង។ យ៉ាងណាមិញ ការប្រគំតន្ត្រីដែលបានធ្វើឡើងអស់ជាច្រើនប្រទេសមកហើយ និងកម្រទទួលរងការរិះគន់នោះបែរថ្មីៗនេះអ្នកនិយមលេងបណ្តាញសង្គមនៅម៉ាកាវមានប្រតិកម្មចំពោះក្រុម BLACKPINK ដែលហៅពលរដ្ឋម៉ាកាវថា “Macanese” ជំនួសឱ្យពាក្យ “ចិន” ទៅវិញ។

មតិរិះគន់នោះបានកើតឡើងក្រោយការចែករំលែកមួយរបស់ក្រុម BLACKPINK ដែលបានសរសេរអរគុណដល់អ្នកគាំទ្រដែលបានចូលរួម។ ក្រោយទទួលរងការរិះគន់ហើយ ប្រយោគដែលបានសរសេរ “Macanese” ក៏បានកែទៅជា “Macau BLINKs” វិញ ទោះជាយ៉ាងណាមតិរិះគន់នៅតែមិនអាចបញ្ឈប់ដោយសារការកែពាក្យនោះមិនមានបន្ថែមពាក្យ “ចិន”។

គួរបញ្ជាក់ដែរថា ពាក្យ “Macanese” សម្តៅលើក្រុមជនជាតិដើមនៅក្នុងម៉ាកាវដែលភាគច្រើននិយាយគ្រាមភាសាព័រទុយហ្គាល់ដែលជាភាសាដំបូងរបស់ពួកគេ។ ទោះជាយ៉ាងណា ដោយសារម៉ាកាវជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន ដូចនេះជនជាតិចិនដីគោកយល់ថាពលរដ្ឋមកពីម៉ាកាវគួរត្រូវបានហៅថា “ជនជាតិចិន”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង