អាមេរិក៖ តាំងពីតូចមក Shiloh តែងទទូចសុំម្តាយឱ្យកាត់សក់ខ្លីឱ្យនាង និងទិញសម្លៀកបំពាក់ក្មេងប្រុសឱ្យថែមទាំងសុំឱ្យគ្រប់គ្នាហៅឈ្មោះនាងថា John ឬ Peter ទៀតផង។ ក្មេងស្រីរូបនេះមានឥទ្ធិពល និងបានក្លាយជាតារាក្នុងដួងចិត្តអ្នកស្រលាញ់ភេទដូចគ្នាទៀតផងខណៈម្តាយរបស់នាងដែលជាតារាសម្តែងស្រីហូលីវូដ Angelina Jolie បានគោរពតាមការសម្រេចចិត្តរបស់កូនផងដែរ។
យ៉ាងណាមិញ Shiloh Jolie-Pitt ក៏ធ្លាប់បង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួនជាមនុស្សស្រីពេញលក្ខណៈបង្ហាញខ្លួនលើកម្រាលព្រំក្រហមជាមួយ Angelina ផងដែររហូតត្រូវបានមហាជនជាច្រើននាំគ្នាលាន់មាត់សរសើរពីសម្រស់របស់យុវតីរូបនេះមិនដាច់ពីមាត់ឡើយ។ សម្រស់របស់ Shiloh មានភាពទាក់ទាញខ្លាំងប្រៀបដូចគំនូរ និងជាលើកដំបូងដែលនាងបង្ហាញរូបរាងជាស្រីបែបនេះ។
ការផ្លាស់ប្តូរមួយរយៈខ្លីមុននេះ បានធ្វើឱ្យមហាជនគិតថានាងផ្លាស់ប្តូរមកតុបតែងខ្លួនជាមនុស្សស្រីវិញជារៀងរហូតហើយ ប៉ុន្តែការពិតជាក់ស្តែងមិនដូចអ្វីដែលគ្រប់គ្នាបានគិតឡើយព្រោះមកទល់ពេលនេះ Shiloh បានកាត់សក់ខ្លីវិញ និងប្តូរទៅស្លៀកពាក់បែប Tomboy វិញទៅតាមទម្លាប់ចាស់ដែលនាងបានតុបតែងតាំងពីតូចវិញទាំងស្រុង។
ទោះជាយ៉ាងណា តាមរយៈការត្រលប់ទៅរកការតុបតែងខ្លួនពីមុនវិញត្រូវបានដឹងថា មានហេតុផលបង្កប់អត្ថន័យមួយគឺដើម្បីគាំទ្រគម្រោងមនុស្សធម៌ផ្សព្វផ្សាយសិទ្ធិស្ត្រីនៅអ៊ីរ៉ង់របស់ម្តាយនាងដែលនាង និង Zahara បងប្អូនស្រីទាំង២នេះបាននាំគ្នាកាត់សក់ខ្លួនឯង និងប្រគល់ទៅក្នុងកម្មវិធីពិព័រណ៍ផងដែរ៕