×
ព័ត៌មានថ្មី

ខ្សែប្រយុទ្ធ Neymar អាចចាកចេញពី Paris Saint Germain ទៅចូលរួម Man UTD

សារព័ត៌មានកីឡា Mercato Le10 sport នៅបារាំង បានធ្វើការចុះផ្សាយថា ខ្សែប្រយុទ្ធ Neymar អាចចាកចេញពីក្លិប Paris Saint Germain ផ្លាស់ទៅក្លិប Man UTD ប្រសិនក្លិបបិសាចក្រហមត្រូវបានទិញដោយអ្នកជំនួញកាតា លោក Sheikh Jassim។

Paris Saint Germain នាពេលបច្ចុប្បន្នហាក់មានភាពមិនសប្បាយចិត្តជាមួយ កីឡាករប្រេស៊ីល ខណៈរូបគេកំពុងតែរងរបួស។ មួយវិញទៀត អាកប្បកិរិយារបស់ Neymar បានធ្វើឱ្យក្លិបមិនសូវទទួលបានការសរសើរពីសំណាក់អនុប្រធានក្លិបឡើយ។

ខណៈភាពមិនសប្បាយចិត្ត កំពុងតែកើតឡើង ស្រាប់តែកីឡាករវ័យ៣១ឆ្នាំ បានទៅទស្សនាការប្រកួតប្រណាំងរថយន្ត F1 នៅទីលានប្រកួត Monaco Grand Prix ហើយក្រោយមកគ្រូបង្វឹក Paris Saint Germain លោក Christophe Galtier បានអះអាងថា Neymar ក៏បានអវត្តមានអំឡុងពេលដែលការប្រកួតដណ្តើមជើងឯកទល់ Strasbourg ស្របពេលដែលរូបគេកំពុងព្យាបាលរបួសជើង។

ឥឡូវនេះ ក្លិបនៅ Premier League មួយចំនួនដូចជា Chelsea និង Newcastle United កំពុងតែបង្ហាញចំណាប់អារម្មណ៍លើ Neymar។ ទោះយ៉ាងណា ការផ្ទេរមួយទៅកាន់ Man UTD អាចជារឿងដែលត្រូវបានសម្របសម្រួល ដោយការទិញក្លិបបិសាចក្រហមរបស់អ្នកជំនួញកាតាលោក Sheikh Jassim។

បន្ថែមពីនេះ Neymar ក៏មានទំនាក់ទំនងជាមួយនឹងប្រទេសកាតា ហើយដូច្នេះទំនាក់ទំនងវិជ្ជមានអាចជំរុញការផ្ទេរទៅកាន់ទឹកដី Old Trafford អាចមានភាគរយខ្ពស់។ Neymar ក៏ទទួលបានសំណើក្នុងការឱ្យទៅចូលរួមលេងនៅក្នុងក្របខណ្ឌប្រទេសអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ផងដែរ។

បើតាមប្រភពមួយបានប្រាប់ទៅកាន់ Le10sport ដដែលថា Neymar ត្រូវបានគេផ្តល់សំណើ ប្រមាណជិត ៤០០លានអឺរ៉ូ ដើម្បីទៅចូលរួមនៅក្លិបនៅក្របខណ្ឌ Saudi Pro League ប៉ុន្តែ អតីតកីឡាករ Barcelona បានប្តេជ្ញារួចហើយថារូបគេនឹងនៅតែបន្តនៅក្នុងលីគតំបន់អឺរ៉ុប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង