ភ្នំពេញ៖ យោងតាមគណនីហាងលក់សម្លៀកបំពាក់មួយបានចែករំលែកនៅលើបណ្តាញសង្គមតិកតុកទាក់ទងនឹងវីដេអូរបស់ក្មេងស្រីជាអ្នកលក់នំចេកម្នាក់ដែលបានដើរលក់នំទាំងយប់ក៏បានឆ្លៀតចូលហាងលក់សម្លៀកបំពាក់មួយកន្លែងដើម្បីទិញអាវមួយផ្ញើម្តាយដោយក្មេងស្រីរូបនោះបានដើររើសម៉ូតយ៉ាងយកចិត្តទុកដាក់ទៀតផង។
វេលាម៉ោង ១០យប់ទៅហើយនៅពេលម្ចាស់ហាងលក់សម្លៀកបំពាក់សួរថា ម៉ោងប៉ុន្មានទើបទៅផ្ទះ? ក្មេងស្រីរូបនោះបានឆ្លើយថា ទាល់តែលក់នំអស់ទើបត្រលប់ទៅផ្ទះវិញ។ ក្មេងស្រីតូចដែលមានទឹកមុខស្រស់ញញឹមកំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមកោតសរសើរចំពោះទឹកចិត្តកត្តញ្ញូរបស់នាងជាខ្លាំង។
គួរបញ្ជាក់ដែរថា ដោយសារឃើញភាពកត្តញ្ញូ និងអាណិតដល់ក្មេងស្រីរូបនេះដែលខំដើរលក់នំទាំងយប់បែបនេះ ម្ចាស់ហាងសម្លៀកបំពាក់នោះក៏បានឱ្យសម្លៀកបំពាក់ដែលក្មេងស្រីរូបនោះជ្រើសរើសទៅដោយមិនគិតថ្លៃផងដែរ៕