×

តិចនិកចិញ្ចឹមកូនតូចអាយុ ក្រោម ៦ ខែឱ្យលូតលាស់ល្អមិនងាយឈឺ

កូនតូចទើបនឹងកើតតម្រូវឱ្យម៉ាក់ប៉ាថែទាំឱ្យបានដិតដល់ ម៉ឹមទឹកដោះឱ្យបានគ្រប់គ្រាន់ នោះទើបអាអូនមានសុខភាពល្អ ឆ្លាតវាងវៃ។ ខាងក្រោមនេះជាតិចនិកចិញ្ចឹមបេប៊ីអាយុក្រោម ៦ ខែ ដែលម៉ាក់ប៉ាថ្មីថ្មោងត្រូវដឹង និងកត់ចំណាំទុក។

១- ឱ្យកូនបៅទឹកដោះដំបូង

ទឹកដោះដំបូងមានពណ៌លឿងថ្លា ខុសពីទឹកដោះធម្មតា មានបរិមាណតិចតួច ក្នុងអំឡុង ២-៣ ថ្ងៃដំបូង ក្រោយម៉ាក់ៗសម្រាលអាអូន។ ទឹកដោះដំបូងសំខាន់ចំពោះបេប៊ី វាសម្បូរជីវជាតិ A និងជាថ្នាំបង្ការដំបូងបង្អស់ដោយសារមានអង់ទីគ័រសម្រាប់ការពារទារកប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ ជួយឱ្យអង់ទីគ័រក្នុងខ្លួនកុមាររឹងមាំ អាចជួយបញ្ចុះលាមកព្រៃបានលឿន ជួយភ្នែក ការវិវត្តក្រពះពោះវៀនទារកឱ្យទុំជោ អាចកិនរំលាយអាហារបាន មិនមានប្រតិកម្មជាមួយអ្វីផ្សេងធ្វើឱ្យរាករូស។

២- បំបៅដោះកូនយ៉ាងតិច ៦ខែ

ទឹកដោះម្តាយមានប្រយោជន៍ច្រើនណាស់ ដូច្នេះហើយទើបអង្គការសុខភាពពិភពលោក ណែនាំឱ្យម៉ាក់ៗបំបៅដោះកូនឱ្យបានយ៉ាងតិច ៦ ខែ។ កូនម៉ឹមទឹកដោះម្តាយជួយបន្ថយហានិភ័យកើតជំងឺរលាកក្រពះពោះវៀន ការឆ្លងមេរោគទៅសួត និងការប្រឈមជំងឺផ្សេងៗ ឯសុខភាពក៏មាំមួន។

៣- កុំឱ្យកូនញ៉ាំទឹក

ចាប់ពីពេលកើតរហូតដល់អាយុ ៦ ខែ ម៉ាក់ៗឲ្យកូនញ៉ាំតែទឹកដោះមួយមុខគត់គ្រប់គ្រាន់ ហើយ មិនចាំបាច់បន្តក់ទឹកបន្ថែមនោះទេ ព្រោះទឹកដោះម៉ាក់មានជាតិទឹកដល់ទៅ ៨០%។

៤- ចាក់វ៉ាក់សាំង

ពេលកើតភ្លាម គ្រូពេទ្យនឹងចាក់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេង។ បន្ទាប់ត្រូវចាក់វ៉ាក់សាំងផ្សេងៗទៀតនៅពេលកូនអាយុបាន ១ខែកន្លះ អាយុ ២ខែកន្លះ និង អាយុ ៣ខែកន្លះ។ ដូច្នេះយើងត្រូវនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន តាមកាលកំណត់។

៥- ឧស្សាហ៍ប្តូរខោទឹកនោមកូន

កូនតូចនោមក៏ញឹក ជុះក៏ញឹក ដូច្នេះហើយម៉ាក់ៗត្រូវឧស្សាហ៍ប្តូរខោទឹកនោមកូន ព្រោះការផ្អាប់ទឹកនោមនៅក្នុងកន្ទបងាយឱ្យបេប៊ីកើតកន្ទួលរមាស់ ឬរលាកគូទ។

៦- ដឹងពីជំងឺសើស្បែក

ស្បែកកូនក្មេងខ្ចីខ្លាំងណាស់ ហើយការសម្របខ្លួននឹងបរិយាកាសខាងក្រៅផ្ទៃម្ដាយអាចបង្កបញ្ហាដល់ស្បែកជាច្រើន ដូចជាចំហាយក្តៅ ឬចែងថ្ងៃ អាចម៍ក្របីលើក្បាល ស្រែងទឹកដោះ កន្ទួលក្រហមៗលើស្បែក។ ត្បិតជំងឺស្បែកទាំងនេះឧស្សាហ៍លើក្មេងៗ និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពបេប៊ី តែម៉ាក់ប៉ាមិនគួរធ្វេសប្រហែសនោះទេ ត្រូវសួរគ្រូពេទ្យពីប្រភេទក្រែមលាបការពារ ឬព្យាបាលកន្ទួលរមាស់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង