ពេលមានផ្ទៃពោះ ក្រៅពីចង់ឱ្យកូន និងខ្លួនឯងសុខភាពល្អ នៅមានក្ដីប្រាថ្នាធំមួយទៀតគឺមិនចង់ឱ្យពោះមានឡើងសង្វារ តែម៉ាក់ខ្លះព្រោះមិនបានថែទាំ និងយល់ដឹងពីវិធីការពារ ទើបបណ្ដាលឱ្យមានសង្វារក្រវេមក្រវាមពេញពោះ។ ដូចនេះម៉ាក់ៗគួរធ្វើរឿងទាំងនេះចៀសវាងកើតសង្វារ៖
១- កុំភ្លេចលាបឡេ/ប្រេង
វិធីការពារកុំឱ្យបែកសង្វារពោះ គឺត្រូវលាបប្រេង ឬឡេនៅពោះតាំងពីទម្ងន់ដំបូងៗ។ ព្រោះពេលពោះចាប់ផ្ដើមធំ ស្បែកពោះនឹងស្ងួត ដូចនេះម៉ាក់ៗត្រូវលាបឡេដែលអាចការពារការលេចចេញស្នាមនោះមកបាន បន្ថែមពីនេះផងដែរគឺត្រូវប្រឹងផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកពីក្នុងខ្លួនមកវិញ។
២- កុំភ្លេចម៉ាសបិទពោះ
«វិធីផ្ដល់សំណើមដល់ពោះដែលល្អបំផុត នោះគឺការប្រើម៉ាស ដែលរូបរាងរបស់វាគឺស្រដៀងម៉ាសបិទមុខយើងដែរ ហើយវាមានគុណសម្បត្តិច្រើនយ៉ាងជួយឱ្យពោះស និងជួយឱ្យស្បែកពោះរលោង។» ម៉ាសនោះអាចប្រើតាំងពីគភ៌បាន ៣-៤ ខែឡើង ហើយមួយសប្ដាហ៍ប្រើម្ដង រហូតដល់កើត អាចជួយបានយ៉ាងមានប្រសិទ្ធិភាព។
៣- មិនស្លៀកសម្លៀកបំពាក់វែងៗ
នៅពេលពោះកាន់តែធំកាន់តែរមាស់ ដូចនេះបើគេងគួរពាក់អាវខ្លីៗ ហើយខោក៏គួរស្លៀកសំយេះ ចំហពោះឱ្យទំនេរក៏អាចកាត់បន្ថយសម្ពាធផ្សេងៗ និងមិនឱ្យរមាស់ពោះ។ មួយវិញទៀតពេលលាបឡេគួរទុកឱ្យស្ងួតសិន ដោយអាចយកកង្ហារមកផ្លុំ ចាំស្លៀកពាក់ ដើម្បីកុំឱ្យប្រឡាក់នាំឱ្យរមាស់លើសដើម។
៤- កុំស្លៀកតឹងៗ
ការហាមស្លៀកខោតឹងៗពេក ព្រោះវាអាចបណ្ដាលឱ្យរមាស់ អេះ ហើយស្បែកត្រង់បរិវេណនោះចាប់ផ្ដើមស្ងួតទៅៗ ជាហេតុធ្វើឱ្យសង្វារចាប់ផ្ដើមកើតឡើងភ្លាមៗផងដែរ៕
ប្រភព៖ Hellokrupet