×

មិនចង់ឱ្យធាត់ជ្រុលពេលពពោះ អាចសាកគន្លឹះងាយៗទាំង ៥នេះ

អំឡុងពេលពពោះ ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ មានសារៈសំខាន់ណាស់សម្រាប់ម៉ាក់ៗ និងទារកក្នុងផ្ទៃ ហើយការថែទាំរូបរាងឱ្យនៅសមសួន និងរឹងមាំ អាចជួយឱ្យយើងឆាប់ជាសះស្បើយក្រោយសម្រាល កាត់បន្ថយការឈឺចាប់ និងជួយឱ្យយើងគេងលក់ស្រួលថែមទៀតផង។

គន្លឹះទាំង៥ ជួយឱ្យរាងកាយសមសួន មិនធាត់ជ្រុលអំឡុងពេលពពោះ

១. រក្សាជាតិទឹកក្នុងរាងកាយ
អំឡុងពេលពពោះ ម៉ាក់ៗចាំបាច់ត្រូវញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ពីព្រោះទឹកផ្ដល់គុណប្រយោជន៍ដ៏ល្អដល់ការលូតលាស់របស់ទារក។ បន្ថែមពីនេះ ទឹកក៏ជួយក្នុងការបង្កើតថង់ទឹកភ្លោះ និងសុក ដែលមានតួនាទីផ្ដល់សារធាតុចិញ្ចឹមដល់កូន។ ម៉ាក់ៗអាចខ្សោះជាតិទឹកយ៉ាងឆាប់រហ័ស ប្រសិនបើប្រឈមនឹងអាការចាញ់កូន ឬបែកញើសញឹកញាប់ ដូច្នេះហើយម៉ាក់គួរញ៉ាំទឹកឱ្យបាន៨ ទៅ១២កែវជារៀងរាល់ថ្ងៃ។

២. ធ្វើចលនា
ទោះជាយើងមានអារម្មណ៍ថាហត់នឿយ ឬមិនសប្បាយចិត្តក៏ដោយ ប៉ុន្តែយើងមិនគួររំលងការហាត់ប្រាណជារៀងរាល់ថ្ងៃឡើយ។ ជាក់ស្ដែង ការធ្វើចលនាកាន់តែច្រើន អាចជួយកម្ចាត់បញ្ហាហត់នឿយ អស់កម្លាំងបានយ៉ាងស័ក្ដិសិទ្ធិ។ ការដើរហាត់ប្រាណរយៈពេល២០នាទី ឬហាត់យូហ្គារយៈពេលខ្លី ក៏អាចជួយឱ្យយើងមានសុខភាពរឹងមាំដូចគ្នា។ ពិតណាស់ ការធ្វើលំហាត់ប្រាណជាទៀងទាត់អំឡុងពេលពពោះ ក៏អាចបង្ការជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ ព្រមទាំងជួយកាត់បន្ថយស្រ្តេសផងដែរ។

៣. ជៀសវាងញ៉ាំជាតិស្ករជ្រុល
ការជៀសវាងញ៉ាំជាតិស្ករ អាចជារឿងពិបាកមួយ ជាពិសេសនៅអំឡុងពេលពពោះតែម្ដង។ យ៉ាងណាមិញ ទស្សនាវដ្ដីអាមេរិកនៃឱសថបង្ការបានរាយការណ៍ថា ការញ៉ាំជាតិស្ករច្រើនអំឡុងពេលពពោះ អាចប៉ះពាល់ដល់សមត្ថភាពយល់ដឹងរបស់កុមារ ដូចជាភាពវៃឆ្លាត និងការចងចាំ។
ដូចនេះ ម៉ាក់គួរញ៉ាំផ្លែឈើ ដើម្បីជំនួសឱ្យស្ករសូកូឡា ឬភេសជ្ជៈបន្ថែមជាតិស្ករផ្សេងៗ ទើបជាការប្រសើរ។

៤. ធ្វើសមាធិ
ការចំណាយពេលត្រឹមតែ១៥ ទៅ២០នាទីជារៀងរាល់ថ្ងៃ ក្នុងការធ្វើសមាធិ អាចជួយបន្ធូរអារម្មណ៍ដល់ទាំងម៉ាក់ និងកូននៅក្នុងផ្ទៃ ពីព្រោះសមាធិអាចកាត់បន្ថយស្រ្តេស ជួយឱ្យគេងលក់ស្រួល និងកាត់បន្ថយហានិភ័យនៃការបាក់ទឹកចិត្ត ក្រោយពេលសម្រាលកូនរួច។

៥. ញ៉ាំអាហារសុខភាព
ជាមួយគ្នានេះដែរ អំឡុងពេលពពោះ ម៉ាក់ និងកូនក្នុងផ្ទៃគួរញ៉ាំអាហារសុខភាពឱ្យបានគ្រប់គ្រាន់ ដើម្បីផ្ដល់សារធាតុចិញ្ចឹមល្អៗដែលរាងកាយត្រូវការ។ បន្លែស្លឹកបៃតង និងអាហារដែលផ្សំពីទឹកដោះគោ អាចជួយផ្ដល់ជាតិកាល់ស្យូម ស្របពេលដែលប៉ាស្តា បាយ និងនំប៉័ងជាប្រភពនៃសារធាតុហ្វូឡេត។ បន្ថែមពីនេះ ម៉ាក់ក៏អាចបំពេញជាតិដែកដល់រាងកាយ តាមរយៈការញ៉ាំស៊ុត សណ្ដែក និងត្រីសាម៉ុន៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង