បាត់ដំបង៖ បេក្ខជន បេក្ខនារី ចំនួន ១៣រូប ក្នុងចំណោម ៣០រូប នឹងត្រូវចូលរួមប្រឡងប្រជែងវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រឡងចម្រៀង “សម្លេងមាសស្រុកមោងឫស្សី ឆ្នាំ២០២៣” នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច នៅទីតាំងអនុវិទ្យាល័យមោងឫស្សី នៃស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ការប្រឡងចម្រៀង “សម្លេងមាស ស្រុកមោងឫស្សី ២០២៣” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដោយលោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សម្រាប់ការប្រឡងប្រជែងវគ្គផ្តាច់ព្រ័ត្រនេះ គណៈកម្មការរៀបចំ បានកំណត់នូវលក្ខខណ្ឌប្រឡងចម្រៀង ដូចខាងក្រោម៖
១. បេក្ខជន នឹងត្រូវច្រៀងចម្រៀងទោលជាឯកត្តជន នូវបទចម្រៀងមួយបទ ដែលខ្លួនជ្រើសរើស។
២. បេក្ខជនទាំង ១៣នាក់ នឹងត្រូវបានជ្រើសរើសបញ្ចូលក្នុងក្រុមចំនួន ៤ តាមរយៈការចាប់ឆ្នោត ហើយត្រូវច្រៀងរួមគ្នាជាក្រុម។
៣. បេក្ខជនជ័យលាភី នឹងត្រូវបានដាក់ពិន្ទុជ្រើសរើសដោយបូកពិន្ទុនៃការច្រៀងទាំង ២វគ្គខាងលើ។
ជាមួយគ្នានេះ គណៈកម្មការរៀបចំ ក៏បានសូមឱ្យបេក្ខជន បេក្ខនារី ដែលបានចូលរួមវគ្គប្រឡង ៣០នាក់ អញ្ជើញចូលរួមកម្មវិធីប្រឡងវគ្គផ្តាច់ព្រ័ត្រ ទាំងអស់គ្នា និងត្រូវត្រៀមចម្រៀងមួយបទ ព្រោះអាចមានបេក្ខជនម្នាក់ក្នុងចំណោមនេះ ត្រូវបានជ្រើសរើសជាបេក្ខជនដែលមានប្រជាប្រិយខ្ពស់ជាងគេ។
សូមបញ្ជាក់ថា ក្រុមការងារចុះជួយស្រុកមោងឫស្សី បានរៀបចំកម្មវិធីប្រទ្បងចម្រៀង “សម្លេងមាស ស្រុកមោងឫស្សី ឆ្នាំ២០២៣” នេះឡើង ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋនៃស្រុកមោងឫស្សី ដែលមានទេពកោសល្យល្អផ្នែកសិល្បៈចម្រៀង អាចបញ្ចេញសមត្ថភាព និងចូលរួមប្រទ្បងប្រជែងសមត្ថភាព។ អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់អ្នកទទួលបានជ័យលាភី នឹងទទួលបាននូវរង្វាន់ជាច្រើន រួមមាន៖
-ជ័យលាភីលេខ ១ មានពានរង្វាន់ ១ ប្រាក់រង្វាន់ ១០លានរៀល រួមជាមួយនឹងទូរស័ព្ទដៃមួយគ្រឿង
-ជ័យលាភីលេខ ២ បានប្រាក់រង្វាន់ ៥លានរៀល និង Tablet មួយគ្រឿង
-ជ័យលាភីលេខ ៣ បានប្រាក់រង្វាន់ ៣លានរៀល និងរង្វាន់លើកទឹកចិត្ត
ដោយឡែក ជ័យលាភីលេខ ៤ លេខ ៥ និងបេក្ខជនដែលមានប្រជាប្រិយជាងគេ នឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្ត។
ក្រៅពីការប្រឡងចម្រៀងនេះ ក្រុមការងារចុះជួយស្រុកមោងឫស្សី នឹងរៀបចំឱ្យមានការប្រកួតពានរង្វាន់បាល់ទះយុវជនដើម្បីអភិវឌ្ឍន៍ភូមិ-ឃុំ ប្រចាំស្រុកមោងឫស្សី ដែលមានការចូលរួមពីក្រុមកីឡាករតំណាងឃុំទាំង ៩ នៃស្រុកមោងឫស្សីផងដែរ។ ក្រុមការងារសង្កេតឃើញថា រាល់ពេលរៀបចំព្រឹត្តិការណ៍ទាំងនេះឡើង តែងមានការចូលរួមពីសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើន ដែលនេះបង្ហាញឱ្យឃើញពីសាមគ្គីភាព មិត្តភាព នៃប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីទាំងមូល៕