ក្រុមតំណាងឱ្យកម្ពុជា បានទទួលជ័យជម្នះនៅក្នុងការប្រកួតទីពីររបស់ខ្លួន នៅក្នុងវគ្គសន្សំពិន្ទុក្នុងពូល ដើម្បីឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយ លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MSC 2023 នៅរាជធានីភ្នំពេញ។
កាលពីម្សិលមិញ ក្រុម BURN X Flash បានយកឈ្នះទៅលើក្រុម Outplay មកពីអាមេរិកខាងជើង ក្នុងលទ្ធផល ២-០ ដើម្បីក្លាយជាក្រុមលេខ ២ នៅក្នុងពូល C ។ ជាមួយនឹងលទ្ធផលនេះ ក្រុម Outplay បានធ្លាក់ត្រឹមវគ្គនេះ ខណៈ BURN X Flash ដឹកដៃក្រុម ONIC របស់ឥណ្ឌូណេស៊ី ឡើងទៅកាន់វគ្គបន្ទាប់។
ក្នុងនាមជាក្រុមលេខ២ ពូល C ក្រុមតំណាងឱ្យកម្ពុជា នឹងត្រូវជួបជាមួយក្រុម RSG នៃប្រទេសសិង្ហបុរី ដែលជាក្រុមលេខ១ក្នុងពូល B នៅក្នុងការប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។
ដោយឡែកការប្រកួតផ្សេងទៀត មានក្រុម ONIC ជួបជាមួយក្រុម EVOS តំណាងឱ្យប្រទេសឥណ្ឌូណេស៊ីដែលជាក្រុមលេខ២នៅពូល B ។ សម្រាប់ក្រុមលេខ១ និងលេខ២ ក្នុងពូល C និងពូល D ក្រុមហ្វីលីពីន ECHO ប៉ះក្រុមម៉ាឡេស៊ី TODAK ចំណែក Blacklist របស់ប្រទេសហ្វីលីពីន នឹងត្រូវជួបជាមួយក្រុម Fire Flux Impunity នៃប្រទេសមីយ៉ាន់ម៉ា។
សូមជម្រាបថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MSC 2023នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣៕