សំណើរបស់ក្រុម Manchester United ក្នុងទឹកប្រាក់ ៤០ លានផោនសម្រាប់ទិញខ្សែបម្រើ Mason Mount របស់ក្រុម Chelsea ត្រូវបានបដិសេធ។
កីឡាករជម្រើសជាតិអង់គ្លេសនៅសល់កុងត្រាតែមួយឆ្នាំទៀតជាមួយ Chelsea ប៉ុន្តែក្រុមតោខៀវ ចង់លក់ក្នុងតម្លៃមិនក្រោម ៧០លានផោនឡើយ។ ក្លិបបិសាចក្រហម Man Utd ទំនងជានឹងដាក់សំណើថ្មីមួយទៀត សម្រាប់ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ សម្រាប់ការផ្ទេរនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវកាលនេះ។
Mount បានចូលរួមជាមួយ Chelsea នៅអាយុ ៦ ឆ្នាំ ហើយត្រូវបានខ្ចីជើងជាមួយក្រុមហូឡង់ Vitesse Arnhem និង Derby County មុនពេលបង្ហាញខ្លួនជាមួយក្រុមដំបូងក្នុងខែសីហា ឆ្នាំ២០១៩។ សម្រាប់រយៈពេល ៣ រដូវកាល រូបគេជាកីឡាករជម្រើសដំបូង ដែលជួយក្រុមតោខៀវឈ្នះ Champions League ក្នុងរដូវកាល២០២០-២១ ប៉ុន្តែការបង្ហាញខ្លួនរបស់គេនៅក្របខណ្ឌ Premier League ទទួលបានតែ ២០ដងប៉ុណ្ណោះ ក្នុងរដូវកាលកន្លងទៅ។ Mount រកបានចំនួន ៣៣គ្រាប់ ពីការបង្ហាញខ្លួន ១៩៥ លើកសម្រាប់ក្រុមតោខៀវ។
Chelsea បានពិភាក្សាលើកិច្ចសន្យាជាមួយ Mount ជាច្រើនដងកាលពីរដូវកាលមុន ប៉ុន្តែក្លិបបានចំណាយប្រាក់ ៦០០លានផោនក្នុងទីផ្សារដោះដូរកីឡាករពីរកន្លងមក ជាហេតុត្រូវការលក់កីឡាករមួយចំនួន មុនថ្ងៃទី៣០ ខែមិថុនា ដើម្បីជៀសវាងការបំពានច្បាប់ផ្នែកហិរញ្ញវត្ថុ៕