ទាស់សរសៃជាពាក្យដែលចាស់ៗតែងតែនិយាយចំពោះស្រីៗទើបសម្រាលកូនរួច ដែលមានអាការស្រៀវស្រាញ ព្រឺរងារ បាយមិនបាន គេងមិនលក់ ស្រកគីឡូ ស្គមរីងរៃ។ តើអាការទាស់សរសៃបណ្តាលមកអ្វី? មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ?
ជាទូទៅនៅពេលសម្រាលកូន ស្រីៗទាំងអស់ត្រូវទម្លាក់សុក ទឹកភ្លោះ ថង់ទឹកភ្លោះ ចេញឱ្យអស់ពីក្នុងស្បូន។ ប៉ុន្តែក្នុងករណីដែលស្រីៗទៅសម្រាលកូនជាមួយពេទ្យដែលគ្មានជំនាញច្បាស់លាស់ ទម្លាក់សុកមិនអស់ពីស្បូន ធ្វើឱ្យម៉ាក់ៗមានអាការព្រឺរងារ រកកលគ្រុនបន្តិច ដែលទាំងអស់នេះចាស់ៗពីដើមហៅថា ទាស់សរសៃនោះ។ នេះជាលើកឡើងរបស់លោកជំទាវសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាបច្ចេកទេសផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត។
មួយវិញទៀតការដែលស្រីៗយើងសម្រាកពុំបានគ្រប់គ្រាន់ ញ៉ាំមិនសូវបាន ឬញ៉ាំចំណីអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិគ្រប់គ្រាន់ ដូចជាសាច់ប្រឡាក់ ឬរបស់ហឹរដូចជា ម្រេច ខ្ញីនោះ គួបផ្សំនឹងការហត់នឿយមើលថែទាំកូនតូចទៀតនោះ ក៏អាចឱ្យម៉ាក់ៗ អស់កម្លាំង ចេញអាការដូចជាទាស់សរសៃដូច្នេះដែរ។
លោកជំទាវវេជ្ជបណ្ឌិតបានណែនាំឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលពេទ្យមានជំនាញច្បាស់លាស់។ បន្ទាប់ពីសម្រាលហើយត្រូវថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលសម្បូរវីតាមីនឱ្យបានគ្រប់មុខ។
ក្នុងករណីស្រីៗមានអាការខុសប្រក្រតី ស្រាវស្រាញ ក្តៅខ្លួន ធ្លាក់សធុំក្លិន មានខ្ទុះ ធ្លាក់ឈាមច្រើនខុសប្រក្រតី ដែលបណ្តាលមកពីការទម្លាក់សុកមិនអស់ ឬឆ្លងរោគនៅស្បូន ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំបណ្តែតបណ្តោយឱ្យសោះព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត៕
ប្រភព៖ Hellokrupet