×

អបអរសាទរ! បេក្ខនារីមកពីឃុំតាលាស់ បានទទួលជ័យលាភីលេខ១ ខណៈបេក្ខជនមកពីឃុំជ្រៃ បានទទួលជ័យលាភលេខ២ ក្នុងកម្មវិធី “ប្រឡងចម្រៀងសំឡេងមាស ស្រុកមោងឫស្សី ២០២៣”

បាត់ដំបង៖ កម្មវិធីប្រឡងចម្រៀងសំឡេងមាស ស្រុកមោងឫស្សី ២០២៣ បានបិទបញ្ចប់ហើយ ក្នុងនោះ បេក្ខនារីមកពីឃុំតាលាស់ បានទទួលជ័យលាភីលេខ១ ខណៈបេក្ខជនមកពីឃុំជ្រៃ បានទទួលជ័យលាភលេខ២ និងបេក្ខនារីមកពីឃុំគារ បានជ័យលាភីលេខ៣។

ការប្រឡងប្រជែងវគ្គផ្តាច់ព្រ័ត្រ កម្មវិធីប្រឡងចម្រៀង “សំឡេងមាសស្រុកមោងឫស្សី ឆ្នាំ២០២៣” បានធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដែលមានបេក្ខជន បេក្ខនារី ១៣រូប បានចូលរួមប្រកួតប្រជែង ក្រោមវត្តមានលោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឬស្សី និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកមោងឫស្សី។

ការប្រឡងចម្រៀង “សំឡេងមាស ស្រុកមោងឫស្សី ២០២៣” ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមដោយលោក អង្គ វង្សវឌ្ឍនា និងលោក កើត រិទ្ធ ក្នុងគោលបំណងដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពវប្បធម៌-សិល្បៈ របស់យុវជនក្នុងស្រុកមោងឫស្សី ដែលមិនត្រឹមតែបង្កើននូវភាពស្និទ្ធស្នាល និងបរិយាកាសរីករាយប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យយុវជនមានភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាព និងបង្កើននូវភាពជឿជាក់ តាមរយៈការប្រឡងប្រជែងក្នុងវិស័យសិល្បៈចម្រៀង ដើម្បីបង្ហាញអំពីសមត្ថភាពយុវជនស្រុកមោង ទៅដល់ថ្នាក់កម្រិតថ្នាក់ខេត្ត និងថ្នាក់ជាតិផងដែរ។

ក្រោយការប្រកួតប្រជែង ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ធី កុម្ភៈ មកពីឃុំតាលាស់, ជ័យលាភីលេខ២ បានទៅបេក្ខជន រឿន បុរី មកពីឃុំជ្រៃ និងជ័យលាភីលេខ៣ បានទៅបេក្ខនារី វណ្ណៈ ចណ្ណា មកពីឃុំគារ។

សម្រាប់អ្នកទទួលបានជ័យលាភី ក្នុងការប្រឡងចម្រៀង “សំឡេងមាស ស្រុកមោងឫស្សី ២០២៣” ទទួលបាននូវរង្វាន់ រួមមាន៖
-ជ័យលាភីលេខ ១ មានពានរង្វាន់ ១ ប្រាក់រង្វាន់ ១០លានរៀល រួមជាមួយនឹងទូរស័ព្ទដៃមួយគ្រឿង
-ជ័យលាភីលេខ ២ បានប្រាក់រង្វាន់ ៥លានរៀល និង Tablet មួយគ្រឿង
-ជ័យលាភីលេខ ៣ បានប្រាក់រង្វាន់ ៣លានរៀល និងរង្វាន់លើកទឹកចិត្ត
ដោយឡែក ជ័យលាភីលេខ ៤ លេខ ៥ និងបេក្ខជនដែលមានប្រជាប្រិយជាងគេ ក៏ត្រូវទទួលបានរង្វាន់លើកទឹកចិត្តផងដែរ។

សូមបញ្ជាក់ថា ក្រៅពីការប្រឡងចម្រៀងនេះ ក្រុមការងារចុះជួយស្រុកមោងឫស្សី ក៏បានរៀបចំឱ្យមានការប្រកួតពានរង្វាន់បាល់ទះយុវជន ដើម្បីអភិវឌ្ឍន៍ភូមិ-ឃុំ ប្រចាំស្រុកមោងឫស្សី ដែលមានការចូលរួមពីក្រុមកីឡាករតំណាងឃុំទាំង ៩ នៃស្រុកមោងឫស្សីផងដែរ។ ក្រុមការងារសង្កេតឃើញថា រាល់ពេលរៀបចំព្រឹត្តិការណ៍ទាំងនេះឡើង តែងមានការចូលរួមពីសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើន ដែលនេះបង្ហាញឱ្យឃើញពីសាមគ្គីភាព មិត្តភាព នៃប្រជាពលរដ្ឋក្នុងស្រុកមោងឫស្សីទាំងមូល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង