គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បាននិយាយ ក្រោយពីបានដឹកនាំក្រុមក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League ថា ក្រុមរបស់ខ្លួនបានចាប់ផ្តើមទទួលបានភាពខ្លាំងក្លាមកវិញហើយ។
ជាការពិត ក្រុមអេស្ប៉ាញបានឈ្នះពានរង្វាន់ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ គឺពានរង្វាន់ UEFA Nations League នេះ បន្ទាប់ពីបានយកឈ្នះក្រុមក្រូអាតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ៥-៤ បន្ទាប់ពីស្មើគ្នា ០-០ នៅ១២០នាទី។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Feijenoord ឬត្រូវបានគេស្គាល់ជាទូទៅថា De Kuip ស្ថិតនាទីក្រុង Rotterdam ប្រទេសហូឡង់នេះ ក្រុមទាំងសងខាងបានធ្វើការវាយសម្រុកស្វែងរកគ្រាប់បាល់ពីសំណាញ់ទីគ្នា ប៉ុន្តែមិនមានសំណាងឡើយ បើទោះជាមានឱកាសល្អៗច្រើនដងដូចគ្នាក្តី។
ភាពស្ងប់ស្ងាត់មិនមានគ្រាប់បាល់បញ្ចូលទី បានកើតឡើងពេញ៩០នាទី និងឈានដល់ការបន្ថែមម៉ោង ១៥នាទី២ដងទៀត ក៏នៅតែមិនមានក្រុមណាអាចធ្វើបានដដែល។ លទ្ធផលនេះបានឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ហើយអេស្ប៉ាញធ្វើបាន៥គ្រាប់ ខណៈក្រូអាតធ្វើបាន៤គ្រាប់។ ដូច្នេះក្រុមអេស្ប៉ាញក៏បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League តែម្តង។
ក្រោយទទួលបានជោគជ័យបែបនេះ គ្រូបង្វឹកក្រុមអេស្ប៉ាញ លោក Luis de la Fuente បានសម្តែងពីក្តីរីករាយ និងកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់គ្នា។
បុរសវ័យ៦១ឆ្នាំ បានឱ្យដឹងក្រោយចប់ការប្រកួតថា៖ “ក្រុមកីឡាកររបស់យើងធ្វើបានល្អខ្លាំងណាស់។ ពួកគេទម្លាប់ខ្លួននឹងការទទួលបានជ័យជម្នះ ហើយជោគជ័យនេះនឹងធ្វើឱ្យពួកយើងកាន់តែរឹងមាំបន្ថែមទៀត។ យើងបានចាប់ផ្តើមទទួលភាពខ្លាំងក្លារបស់យើងមកវិញ ហើយយើងនឹងត្រៀមខ្លួនដើម្បីប្រកួតប្រជែងស្វែងរកពានរង្វាន់ផ្សេងៗជាបន្ត។”
សូមបញ្ជាក់ថា ពានរង្វាន់ UEFA Nations League គឺជាពានរង្វាន់លើកដំបូងរបស់អេស្ប៉ាញដែលបានឈ្នះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ UEFA Euro កាលពីឆ្នាំ២០១២រួចមក។ អេស្ប៉ាញក៏ជាក្រុមទី៣ ដែលឈ្នះពានរង្វាន់ UEFA Nations League បន្ទាប់ពីបារាំងដែលឈ្នះកាលពីឆ្នាំ២០២១ និង ព័រទុយហ្គាល់ដែលឈ្នះកាលពីឆ្នាំ២០១៩ ៕