បើសង្កេតទៅ យើងនៅឃើញមានទម្លាប់ស្ត្រីសម្រាលកូនរួចស្លៀកពាក់ជិតៗ ពាក់មួកបាំងត្រចៀក និងពាក់ស្រោមជើង។ កាលដែលធ្វើបែបនេះ តាមចាស់ៗថា ខ្លួនប្រាណមានកម្ដៅ មិនប៉ះខ្យល់ និងជួយឱ្យ សរសៃ ឆាប់រឹងមាំឡើងវិញ តែបើតាមពេទ្យវិញបានឱ្យដឹងថា ការអនុវត្តបែបនោះគ្មានបានផលអ្វីទេ។
បើតាមលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា កាលពីជំនាន់មុនចាស់ៗ សម្រាលកូននៅក្នុងព្រៃ មានខ្យល់ មានភ្លៀង មិនមែននៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ ដូចនេះហើយអាកាសធាតុប្រាកដជាត្រជាក់ប៉ះដល់រាងកាយជាមិនខាន ហើយយើងអ្នកធម្មតាក៏រងាដូចគ្នានឹង។
ចំពោះស្រីៗសម្រាលកូនរួច ពេលជួបបញ្ហាលក្ខខណ្ឌបែបនោះ ប្រាកដជាត្រូវការខោអាវក្រាសៗមកស្លៀកពាក់ហើយ។ ងាកមកសម័យឥឡូវវិញ មិនសូវមានអ្នកធ្វើបែបនោះទៀតទេ ព្រោះស្ត្រីបានសម្រាលនៅក្នុងមន្ទីរពេទ្យត្រឹមត្រូវ។ ចំណែកផលដែលទទួលបានពីការស្លៀកពាក់ជិតឈឹងទាំងនោះគឺគ្មានទេ ព្រោះស្ត្រីសម្រាលកូនរួចអាចស្លៀកពាក់បានជាធម្មតា ធ្វើយ៉ាងណាឱ្យតែយើងស្រណុកខ្លួនឯងទៅ។
នៅមួយចំណុចទៀតដែលម៉ាក់ៗច្រើននៅជឿតាមចាស់បុរាណ គឺស្រីៗខ្លះពេលកូនខ្ចីមិនហ៊ានបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ឡើយ ព្រោះខ្លាចត្រជាក់ ហើយសរសៃសសូងមិនរឹងមាំឡើងវិញ ធ្វើឱ្យទាស់សរសៃ។ តែនោះក៏ជាការយល់ខុសវិញទេ ព្រោះពេលអាការក្ដៅពេក អាចឲ្យម៉ាក់ៗជួបបញ្ហាសុខភាពផ្សេង ដូចជាថប់ដង្ហើម ក្ដៅស្អុះ និងមានបញ្ហាស្បែកវិញ ព្រោះក្ដៅផង ញើសក៏ហូរ បូករួមនឹងសម្លៀកបំពាក់ក្រាស់ៗទៀត ធ្វើឱ្យរោលរមាស់ជាដើម៕
ប្រភព៖ Hellokrupet