×

សារដ៏ក្តុក្តួលពី ណាសាឌី ផ្ញើជូនអ្នកដែលទុកចិត្តមនុស្សជំនិតរបស់ខ្លួនខ្លាំងកុំឱ្យដូចនាងដែលត្រូវគេបំផ្លាញប្រាក់ខំសន្សំជាង ២ម៉ឺនដុល្លារត្រឹមមួយប៉ប្រិចភ្នែក

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុន ណាសាឌី បានត្អូញត្អែរពីរឿងផ្លូវចិត្តកំពុងចុះខ្សោយខ្លាំងដោយនាងមិនបានបកស្រាយអ្វីឱ្យលម្អិតឡើយ ប៉ុន្មានថ្ងៃនេះពិធីការនីវ័យក្មេងរូបនេះបានចែករំលែកនៅលើគណនីបណ្តាញសង្គមរបស់នាងឱ្យអស់សេចក្តីទាក់ទិននឹងការបាក់ចិត្តបន្ទាប់ពីក្មេងស្រីដែលខ្លួនខំស្រលាញ់ដូចប្អូនលួចចាក់នាងពីក្រោយខ្នងដោយយកចិញ្ចៀនរបស់នាងដែលមានតម្លៃជាង ២ម៉ឺនដុល្លារទៅបោះចោលគ្មានស្រណោះ។

ណាសាឌី បានសរសេរៀបរាប់យ៉ាងវែងអន្លាយបែបនេះថា៖ “លុយ២ដុំត្រូវបានបោះចោលក្នុងធុងសំរាម] មិនគួរណាកើតរឿងនេះមកលើខ្ញុំទេ ញើសឈាមខ្ញុំដែលមិនបានសម្រាក ខិតខំធ្វើការត្រុកៗរាល់ថ្ងៃមិនដែលស្គាល់ពាក្យថាទំនេរនឹងគេនោះទេ។ ខ្ញុំខំណាស់ព្រោះខ្ញុំមានឱកាស ខ្ញុំត្រូវតែស៊ូដើម្បីគ្រួសារ ខ្លួនឯង និងទិញអ្វីដែលខ្ញុំចង់បាន។”

ណាសាឌី បានបន្ថែមថា “ថ្ងៃទី០១ ខែ០៦ ខ្ញុំបានសន្សំលុយទិញរបស់ដែលខ្ញុំស្រលាញ់ តម្លៃរបស់វាជាង ២ម៉ឺនដុល្លារខ្ញុំខំសន្សំព្រោះវាជាការលើកទឹកចិត្តដែលខ្ញុំខិតខំធ្វើការគ្មានថ្ងៃសម្រាក ព្រឹកចេញទៅធ្វើការ យប់ជ្រៅត្រលប់មកផ្ទះវិញ។ ប៉ុន្តែរឿងអាក្រក់ដ៏ធំមួយក៏បានកើតឡើងលើរូបនាងខ្ញុំ។
– នៅថ្ងៃទី០៣.០៦.២០២៣ ខ្ញុំបានពាក់ចិញ្ចៀនរបស់ខ្ញុំលើកទី១ទៅធ្វើការ event ឱ្យគេ ហើយពេលចប់ក៏ត្រលប់មកផ្ទះវិញធម្មតា។ មុនពេលចូលគេងខ្ញុំក៏បានរៀបចំដាក់ចិញ្ចៀនរបស់ខ្ញុំចូលក្នុងប្រអប់ធម្មតា។
– ថ្ងៃទី០៥.០៦.២០២៣ ខ្ញុំបានប្រាប់ប្អួនស្រីដែលគាត់ជាអ្នកមើលថែខ្ញុំផ្ទាល់ រៀបចំគ្រប់យ៉ាងឱ្យខ្ញុំ បោសបន្ទប់ រៀបសំលៀកបំពាក់ទៅថត និងទុកដាក់គ្រឿងអលង្ការឱ្យខ្ញុំផ្ទាល់ គាត់ជាមនុស្សម្នាក់ដែលខ្ញុំទុកចិត្តបំផុត ហើយក៏ផ្តល់សិទ្ធឱ្យគាត់ចេញចូលបន្ទប់ខ្ញុំដោយសេរីក៏ព្រោះតែពាក្យថា ស្រលាញ់ ទុកចិត្ត និងផ្តល់តម្លៃឱ្យគាត់។

បន្ទប់គេងខ្ញុំមិនបានចាក់សោរ ហើយខ្ញុំក៏គ្មានទូដែកដែរ ព្រោះខ្ញុំទុកចិត្តអ្នកនៅក្នុងផ្ទះ និងជំនួយការរបស់ខ្ញុំណាស់ ហើយក៏មិនដែលបាត់របស់ធំដុំដែរ។ (អត្តចរិកគាត់ ស្លូត មិនចេះមាត់ក សុភាពរាបសាហើយឧស្សាហ៍ណាស់) ។

– ថ្ងៃកើតហេតុទី០៦០៦.២០២៣ ខ្ញុំបានឆាតឱ្យគាត់ចូល
សម្អាតបន្ទប់ខ្ញុំផង ហើយស្របពេលដែលម៉ាក់ខ្ញុំមិននៅផ្ទះ ខ្ញុំក៏បានចេញក្រៅតាំងពីព្រឹក មានតែជីដូនខ្ញុំនៅផ្ទះជាមួយគាត់ ខ្ញុំផ្តាំគាត់ថាមើលម៉ាក់យាយផង ព្រោះគាត់ទើបតែឈឺធ្ងន់ និងវះកាត់ពោះវៀនកាលពីឆ្នាំមុន ហើយគាត់អាយុច្រើនហើយ ។

– នៅថ្ងៃទី១០.០៦.២០២៣ ម៉ាក់ឆាតមកខ្ញុំទាំងយប់ថា ខ្ញុំមានពាក់ចិញ្ចៀនទៅក្រៅអត់? ខ្ញុំភ្ញាក់មែនទែន ព្រោះខ្ញុំមិនបានឆែកមើល និងប៉ះចិញ្ចៀនតាំងពីថ្ងៃ ០៣.០៦.២០២៣ មកម្ល៉េះ។ ខ្ញុំភ័យណាស់ក៏ប្រញ៉ាប់បើកឡានទៅផ្ទះដោយមានគាត់នៅជាមួយខ្ញុំដែរ នៅតាមផ្លូវខ្ញុំសួរគាត់រហូត អូនមានឃើញរបស់ចែទេ? ខ្ញុំសួរគាត់ច្រើនលើកច្រើនសារណាស់ តែគាត់ឆ្លើយថាមិនបានឃើញ មិនដឹងទេ។ ខ្ញុំមកដល់ផ្ទះភ្លាមក៏បានរកមើលគ្រប់កន្លែងក្នុងផ្ទះរបស់ខ្ញុំ។

ទាំងប៉ា ម៉ាក់ ខ្ញុំ ហើយ គាត់ក៏ជួយរកនៅតែមិនឃើញសោះ។ ខ្ញុំក៏ចាប់ផ្តើមសង្ស័យគាត់ ព្រោះមានតែគាត់ម្នាក់គត់ដែលមើលថែគ្រប់យ៉ាងដែលជារបស់ខ្ញុំ។ ខ្ញុំបានសួរគាត់ទាំងយំថា អូន! បើអូនឯងយកឱ្យបងវិញមក បងអត់ខឹងប្រកាន់ទេ បងសុំតែរបស់បងមកវិញទេ វាថ្លៃណាស់សម្រាប់បង បងខំសន្សំលុយដើម្បីធ្វើវាទំរាំបាន ប៉ុន្តែចម្លើយនៅតែដដែល មិនដឹងទេចែ។

ខ្ញុំព្យាយាមគ្រប់វិធីអស់ហើយ ខ្ញុំរកពេញផ្ទះ ឆែកគ្រប់សព្វ គ្រប់កន្លែង ហើយខ្ញុំក៏បានប្រាប់គាត់ថាបើរកចិញ្ចៀនឃើញបងឱ្យអូន ១០០០ដុល្លារ ព្រោះបងនឹងលក់វាចេញវិញមិនទុកទេ ហើយបើអូនចង់ចេញពីទីនេះ ប្អូនចេញចុះបងជូនទៅផ្ទះវិញ គាត់បានឆ្លើយថាចា៎។ ហេតុផលដែលខ្ញុំនិយាយថាគាត់ចង់ចេញគឺ ខ្ញុំបានចាប់ឆែកទូរស័ព្ទគាត់តាំងពីថ្ងៃខ្ញុំបាត់ចិញ្ចៀនម្ល៉េះ គឺខ្ញុំចង់គាំងបេះដូង គាត់បានឆាតទៅមិត្តភកិ្ត បងប្អូនគាត់ និងអ្នកដែលគាត់ចង់ទៅនៅជាមួយថ្មី គាត់និយាយថាចង់ចេញពីផ្ទះខ្ញុំហើយ ប៉ុន្តែដល់ខែ7បានចេញពីព្រោះគាត់នៅជំពាក់លុយម៉ាក់ខ្ញុំមិនទាន់អស់ (ខ្ញុំឱ្យគាត់ខ្ចីលុយដើម្បីធ្វើផ្ទះឱ្យម្តាយនៅស្រុក)។

ហើយឆាតខ្លះគាត់បានលួចជេខ្ញុំពីក្រោយខ្នងទៀតព្រោះគាត់ខឹងខ្ញុំស្តីបន្ទោស។ រឿងជេខ្ញុំនឹងមិនមែនឭតែតាមឆាតទេ នៅផ្ទះក៏ម៉ាក់យាយខ្ញុំឭដែរប៉ុន្តែគាត់អត់មាត់ព្រោះគិតថាវាក្មេង ហើយមិនចង់បង្ករឿងក្នុងផ្ទះ។ អ្នកផ្ទះខ្ញុំអស់សង្ឃឹមក្នុងការរកចិញ្ចៀនហើយ ពួកយើងក៏ដឹងថាប្អួនខ្ញុំយក ប៉ុន្តែមិនដឹងយកទៅណា អោយអ្នកណា រឺលក់នៅកន្លែងណា។ បងប្អូនដែលកំពុងអានអើយ បន្ទាប់ពីថ្ងៃបាត់របស់ខ្ញុំមក ខ្ញុំហាមឃាត់មិនឱ្យគាត់ចេញទៅណាទេព្រោះគាត់គឺជាជនសង្ស័យហើយខ្ញុំទុកគាត់នៅផ្ទះសិន។
សួរនាំយ៉ាងណាក៏មិនឆ្លើយ ខ្ញុំយំនៅមុខគាត់ ម្តាយខ្ញុំអង្វរផង ខ្ញុំអង្វរផង នៅតែគ្មានចម្លើយ។

– រហូតដល់ថ្ងៃទី ១៨.០៦.២០២៣ គាត់បានសារភាពថាគាត់បានយកចិញ្ចៀនហ្នឹងមែន
ប៉ុន្តែគាត់មិនបានយកទៅណាទេ គាត់មិនបានលក់
ឬឱ្យមិត្តភកិ្តណាម្នាក់ទេ គឺគាត់បានយកវាទៅបោះចោលក្នុងធុងសំរាមតាំងពីថ្ងៃទី០៦.០៦.២០២៣ មកម្ល៉េះ គឺពេលដែលគាត់មកសម្អាតបន្ទប់ខ្ញុំតែម្តង ហើយនៅក្នុងថ្ងៃនោះដែរ គាត់បានឆែកឆេកាបូបខ្ញុំ មួកខ្ញុំយកពាក់លេង ថតពេញហ្នឹង ធ្វើដូចជាគ្រប់យ៉ាងជារបស់គាត់។ ខ្ញុំសឹងតែគាំងបេះដូង ខ្ញុំញ័មាត់ ធ្វើអីលែងចេញ ម្នាក់ៗឭហើយហួសចិត្តណាស់ ក្មេងស្រីអាយុ ១៦ឆ្នាំហ៊ានបំផ្លាញខ្ញុំព្រោះដឹងថាខ្ញុំស្រលាញ់របស់ហ្នឹងខ្លាំង ខ្ញុំបានសួរសំនួរគាត់ ២សំនួរគត់ព្រោះខ្ញុំគាំងហើយ៖

– សំណួរទី១ : ហេតុអីអូនឯងធ្វើចឹងដាក់បង?
• ចម្លើយ : ខ្ញុំគុំជាមួយចែឯង ខ្ញុំខឹងចែថាឱ្យខ្ញុំ ខ្ញុំស្អប់ចែ ខ្ញុំចង់ឃើញចែពិបាកចិត្ត។
– សំណួរទី២: គ្រឿងអលង្ការ បងផ្សេងៗក៏មាន ហេតុអីអូនរើសយកចិញ្ចៀនថ្មីហ្នឹង? បងពាក់បានតែម្តងគត់?
• ចម្លើយ: ខ្ញុំដឹងថារបស់ហ្នឹងថ្លៃជាងគេ ណាមួយវាតូចចឹងខ្ញុំស្រួលបោះចោល ខ្ញុំមិនចង់ឱ្យបងមានរបស់ដែលបងស្រលាញ់ ខ្ញុំចង់ឱ្យបងពិបាកព្រោះខ្ញុំដឹងថាវាសំខាន់ណាស់សំរាប់បង។ គ្រប់ពាក្យពេច៍ដែលគាត់និយាយមក ខ្ញុំសឹងតែដួលលើដី ដោយសាការគុំគួនគាត់ហ៊ានធ្វើបែបនេះ។ គាត់មកនៅជាមួយខ្ញុំ ៦ឆ្នាំតាំងពីគាត់នៅក្មេង គាត់ដើរជាមួយខ្ញុំយូរហើយ ពេលទៅណាមកណីខ្ញុំមិនដែលប្រាប់គេថាគាត់អ្នកនៅជាមួយខ្ញុំ ឬអ្នកដទៃទេ ខ្ញុំប្រាប់គេថា គាត់ប្អូនខ្ញុំ។

ខ្ញុំមិនបានកុហកទេ អ្នកដែលស្គាល់ខ្ញុំគាត់ដឹងហើយ ខ្ញុំហូបអី គាត់ហូបហ្នឹង គេងនៅលើពូក ក៏គាត់គេងក្បែរខ្ញុំ និយាយរួមមិត្តភកិត្តខ្ញុំ អ្នកដែលស្គាល់ខ្ញុំទាំងអស់ គឺស្រលាញ់គាត់ និងទុកគាត់ដូចប្អូនទាំងអស់។ ខ្ញុំមិនដែលវាយគាត់មួយដៃទេ តែបើស្តីបន្ទោសខ្ញុំថាឱ្យគាត់ ព្រោះគាត់ធ្វើខុស បាត់របស់ខ្ញុំ រឺភ្លេចច្រើន ប៉ុន្តែខ្ញុំមិនដែលខឹងយូរទេ ខ្ញុំលួងវិញហើយ ហៅប្អូនៗពេញៗមាត់ ហើយឱ្យលុយគាត់ចាយមិនដែលខាតទេ។ គ្រួសារខ្ញុំស្រលាញ់គាត់ណាស់ មិនដែលទុកគាត់ជាអ្នកក្រៅទេ។ ហេតុអីប្អូនឈាមត្រជាក់ម្ល៉េស? គាត់ប្រាប់ថាគាត់ធ្វើរឿងហ្នឹងហើយ គាត់បានត្រៀមចិត្តទទួលគ្រប់យ៉ាង គាត់ដឹងគ្រប់យ៉ាងពីខ្ញុំថា ពេលនេះខ្ញុំកំពុងមានបញ្ហាច្រើន គេជំពាក់លុយផង ការងារក៏មិនសូវមាន ម៉ាក់ទើបវះហើយថ្មីៗនេះ ខ្ញុំតែម្នាក់ឯងរ៉ាប់រងគ្រប់យ៉ាងក្នុងផ្ទះ ព្រោះពាក្យថា បង្គោលគ្រួសារ និងទំនួលខុសត្រូវ។

គាត់បានសំពះសុំទោសខ្ញុំនៅថ្ងៃចុងក្រោយដែលខ្ញុំដឹងចម្លើយ ខ្ញុំថាហួសពេលហើយអូនបងទុកពេលឱ្យអូនឯងសារភាពហើយ ហេតុអីមិននិយាយ? ហេតុអីមិនគិតវែងឆ្ងាយជាងនេះ? ហេតុអីចង់បំផ្លាញបងដល់ថ្នាក់នេះ? អ្វីៗមិនអាចបកក្រោយបានទេ មានតែទៅមុខទេ។ នេះជាមេរៀនសម្រាប់អ្នកគ្រប់គ្នាដែលមានមនុស្សជំនិត និង អ្នកដើរតាមសូមកុំទុកចិត្តអ្នកណាឱ្យសោះក្រៅពីខ្លួនឯង កុំស្រលាញ់ ទុកចិត្តអ្នកណាខ្លាំងពេក ព្រោះពេលខ្លះគេមិនបានស្រលាញ់យើងដូចយើងស្រលាញ់គេនោះទេ មិនថានៅជាមួយគ្នាយូរឆ្នាំក៏ដោយ។

ខ្ញុំឈឺចិត្តណាស់ ព្រោះបានបាត់របស់ដែលខ្ញុំស្រលាញ់ ប៉ុន្តែខ្ញុំរឹតតែឈឺខ្លាំងព្រោះមនុស្សក្បែរខ្លួនក្បត់ខ្ញុំធ្វើឱ្យផ្លូវចិត្តខ្ញុំមិនស្រួលទេ ខ្ញុំមានជំងឺផ្លូវចិត្តទៀត។ ពេលនេះប្អូនសាងអី ប្អូនទទួលបានហើយ
បងសុំអហោសកម្មឱ្យប្អូនដូចគ្នា។ បើសិនជាចិញ្ចៀនបាត់មែន ឬនៅលើដៃអ្នកណាគេម្នាក់ សង្ឃឹមថានឹងបានជួយសំរួលទុក្ខលំបាកដល់អ្នកចុះ បើអ្នកនៅទុកពាក់ សូមជួយថែរក្សាជំនួសខ្ញុំផងចុះ ព្រោះវាទៅបាត់ហើយ គេមិនចង់នៅជាមួយខ្ញុំទេ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង