×

ទីបំផុត Jacqueline Wong ដាច់ចិត្តផ្តល់បទសម្ភាសន៍រឿងអាស្រូវផិតក្បត់របស់ខ្លួនកាល ៤ឆ្នាំមុន

ហុងកុង៖ កាលពី ៤ឆ្នាំមុនព័ត៌មានអាស្រូវដែលតារាសម្តែងស្រី Jacqueline Wong លួចផិតក្បត់មិត្តប្រុសជាអ្នករួមទ្រនំក្រោមដំបូល TVB លោក Kenneth Ma ទៅទាក់ទងជាមួយនឹង Andy Hui បានធ្វើឱ្យមហាជនផ្ទុះការរិះគន់ទង្វើរបស់ពួកគេជាខ្លាំង។

ក្រោយធ្លាយរូបភាព Jacqueline និង Andy ឱបថើបគ្នានៅក្នុងរថយន្តតាក់ស៊ី ព័ត៌មានបានចុះផ្សាយព្រោងព្រៀតជាហេតុធ្វើឱ្យកេរ្តិ៍ឈ្មោះតារាប្រុសស្រីទាំង២នេះស្ងាត់សូន្យពីសិល្បៈ។ រយៈពេល ៤ឆ្នាំកន្លងផុតទៅ ថ្មីៗនេះ Jacqueline បានបង្ហាញខ្លួនសាជាថ្មីជាមួយបទចម្រៀងថ្មី២បទ ថែមទាំងបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបង្ហាញអារម្មណ៍អំលុងពេលព័ត៌មានអាស្រូវរបស់នាងបានផ្ទុះឡើងផងដែរ។

តារាស្រីរូបនេះបាននិយាយថា “ការវិលត្រលប់ចូលប្រលូកវិស័យសិល្បៈវិញលើកនេះប្រាកដជាមិនងាយស្រួលឡើយ អំលុងពេលដែលព័ត៌មានអាស្រូវបានផ្ទុះឡើងខ្ញុំបានខ្វល់ខ្វាយវាជាខ្លាំង និងមិនដឹងថាត្រូវដោះស្រាយស្ថានការណ៍នោះដោយរបៀបណាឡើយប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍បានស្ងប់ច្រើនហើយ ខ្ញុំបានឭពាក្យរិះគន់មិនសំចៃមាត់ពីមហាជន ទោះជាយ៉ាងណានេះគឺលទ្ធផលដែលខ្ញុំបានធ្វើ។”

តារាស្រីរូបនេះបានបន្ថែមថា “អ្វីដែលខ្ញុំអាចធ្វើបានកាលនោះគឺគេងពេញមួយថ្ងៃដោយសារមិនចង់ប្រឈមនឹងការពិត ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានក្រៅតែពីយំតែមួយគត់ ប៉ុន្តែសំណាងល្អដែលខ្ញុំដឹងខ្លួនទាន់ថាកំពុងធ្លាក់ទៅក្នុងស្ថានភាពយ៉ាប់យឺន ដូចនេះខ្ញុំបានចុះឈ្មោះរៀនសម្តែងដើម្បីកុំឱ្យខ្លួនឯងគិតច្រើនដែលមានគ្រួសារគ្រួសារនៅក្បែរ ហើយខ្ញុំក៏បានចិញ្ចឹមសត្វសុនកដែលវាបានធ្វើឱ្យខ្ញុំជាសះស្បើយផ្លូវចិត្តបានយ៉ាងប្រសើរ។”

គួរបញ្ជាក់ដែរថា នៅពេលត្រូវសួរថាហេតុអ្វីនាងសម្រេចចិត្តចេញបទចម្រៀងថ្មី? Jacqueline បានឱ្យដឹងថា “ខ្ញុំយល់ថាមានតែចម្រៀងប៉ុណ្ណោះដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ ហើយខ្ញុំក៏មិនដឹងថាអាចធ្វើអ្វីផ្សេងទៀតផងដែរ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង