×

ការបាត់នាវាមុជទឹកទេសចរណ៍នៅក្នុងខ្មោចកប៉ាល់ទីតានិច៖ បុរសម្នាក់រៀបរាប់ពីហេតុការណ៍ស្រដៀងគ្នាកាលពី៥០ឆ្នាំមុន

អ្នកនៅរស់រានមានជីវិតក្នុងគ្រោះថ្នាក់នាវាមុជទឹកកាលពី៥០ឆ្នាំមុន បានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់អ្នកដំណើរចំនួន ៥ នាក់ដែលជាប់នៅក្នុងនាវាមុជទឹកខ្នាតតូច ដែលបានបាត់ខ្លួនពេលកំពុងទស្សនាខ្មោចកប៉ាល់ទីតានិច កាលពីចុងសប្តាហ៍មុន។

ឆ្មាំឆ្នេរសមុទ្រអាមេរិក និងកាណាដា កំពុងព្យាយាមជួយសង្គ្រោះអ្នកដំណើរនៃនាវាមុជទឹករបស់ក្រុមហ៊ុន OceanGate ដែលបានបាត់ខ្លួនសូន្យឈឹង ខណៈពេលកំពុងទស្សនាខ្មោចកប៉ាល់ទីតានិច ដែលស្ថិតនៅជម្រៅ ១២០០០ហ្វីត (៣៦៥៨ម៉ែត្រ) នៅលើបាតសមុទ្រក្បែរឆ្នេរសមុទ្រ Newfoundland ។ ក្រុមមន្ត្រីបាននិយាយថា គិតត្រឹមថ្ងៃអង្គារ ទី២០ខែមិថុនា អ្នកដំណើរក្នុងនាវាមានអុកស៊ីសែននៅសល់ប្រហែល ៤០ ម៉ោងទៀត។

កាលពីឆ្នាំ១៩៧៣ លោក Roger Mallinson ត្រូវបានជួយសង្គ្រោះជាមួយដៃគូរបស់គាត់ បន្ទាប់ពីជាប់នៅក្នុងនាវាមុជទឹកមួយគ្រឿងនៅជម្រៅជិត ៥០០ម៉ែត្រ អស់រយៈពេល៨៤ម៉ោង នៅក្បែរឆ្នេរសមុទ្រនៃប្រទេសអៀរឡង់។ លោកនិងដៃគូរបស់គាត់ឈ្មោះ Roger Chapman កំពុងដាក់ពង្រាយខ្សែបណ្ដាញទូរសព្ទឆ្លងមហាសមុទ្រអាត្លង់ទិក ស្ថិតនៅចម្ងាយប្រហែល ២៤០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Cork ប្រទេសអៀរឡង់។ ពួកគាត់បានប្រើប្រាស់នាវាមុជទឹកតូចមួយ ដែលមានឈ្មោះថា Pisces III ។ ប៉ុន្តែខ្សែចងភ្ជាប់ជាមួយកប៉ាល់លើផ្ទៃទឹក បានដាច់ បណ្ដាលឱ្យនាវារបស់ពួកគេធ្លាក់ចុះដល់បាតសមុទ្រ។

លោក Mallinson បានប្រាប់ BBC ក្នុងឆ្នាំ២០១៣ថា៖ “វាគួរឱ្យភ័យខ្លាចខ្លាំងណាស់”។ ដើម្បីកាត់បន្ថយការប្រើប្រាស់អុកស៊ីហ្សែនរបស់ពួកគេ ពួកគេបានឈប់និយាយគ្នា ហើយព្យាយាមនៅស្ងៀមតាមដែលអាចធ្វើទៅបាន។ នៅលើផ្ទៃខាងលើ ក្រុមអ្នកជួយសង្គ្រោះចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ ដោយនាវាមុជទឹកចំនួន៣គ្រឿងបានចុះទៅជួយ ប៉ុន្តែនាវា២គ្រឿងទទួលបរាជ័យ។

៣ថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ នាវាមុជទឹកសង្គ្រោះ១គ្រឿង បានថ្ពក់យកនាវា Pisces III បានដោយជោគជ័យ រួចបានទាញវាឡើងមកលើផ្ទៃទឹកបានផងដែរ។ លោក Mallinson បានប្រាប់ថា រឿងសំខាន់បំផុតនៃការរស់រានមានជីវិតរបស់ពួកគេ គឺការថែរក្សាគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១៨ មិថុនា ឆ្នាំ២០២៣ ក្រុមនាវិកលើផ្ទៃទឹករបស់ក្រុមហ៊ុម OceanGate បានបាត់បង់ទំនាក់ទំនងជាមួយនាវាមុជទឹករបស់ពួកគេ បន្ទាប់ពីចំណាយពេលជាង១ម៉ោងទស្សនាខ្មោចកប៉ាល់ទីតានិច។ ក្រុមជួយសង្គ្រោះកំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរករបស់ពួកគេ។ ការសន្និដ្ឋានបឋមរបស់អ្នកជំនាញបានប៉ាន់ស្មានថា នាវាអាចជួបប្រទះនឹងភ្លើងឆេះនៅផ្នែកខាងក្នុង ដែលធ្វើឱ្យនាវាជាប់នៅក្នុងបំណែកនៃខ្មោចកប៉ាល់ទីតានិច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង