ការពពោះ ជាបទពិសោធន៍ដ៏រំភើបរីករាយមួយរបស់ម៉ាក់ៗ ប៉ុន្តែនៅពេលជាមួយគ្នានេះ ស្ត្រីពពោះអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដូចជាអាការក្រហាយទ្រូងជាដើម។ អារម្មណ៍ក្រហាយនៅទ្រូង និងបំពង់ក ធ្វើឱ្យម៉ាក់ៗមិនស្រួលក្នុងខ្លួន ជាពិសេសនៅពេលយប់ ឬក្រោយញ៉ាំអាហារ។ តើបញ្ហានេះកើតឡើងបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?
មូលហេតុនៃការក្រហាយទ្រូងអំឡុងពេលពពោះ
១. ការប្រែប្រួលអ័រម៉ូន
ការកើនឡើងនៃកម្រិតអ័រម៉ូន ជាពិសេសអ័រម៉ូន progesterone អាចជំរុញឲ្យអាស៊ីដក្រពះច្រាលត្រឡប់ទៅកាន់បំពង់អាហារវិញ ដែលបញ្ហាឱ្យមានអាការក្រហាយទ្រូង។
២. សម្ពាធនៅលើក្រពះកើនឡើង
អំឡុងពេលពពោះ ស្បូនដែលកំពុងលូតលាស់បានដាក់សម្ពាធលើក្រពះ ដែលអាចរុញអាស៊ីដក្រពះទៅក្នុងបំពង់អាហារ។ សម្ពាធនេះ រួមចំណែកដល់ការវិវត្តនៃរោគសញ្ញាក្រហាយទ្រូង។
៣. របបអាហារ
អាហារ និងភេសជ្ជៈជាក់លាក់ អាចនាំឲ្យម៉ាក់ៗប្រឈមនឹងអាការក្រហាយទ្រូងអំឡុងពេលពពោះ ដែលអាហារទាំងនេះ រួមមានអាហារហឹរ ខ្លាញ់ច្រើន ឬអាហារចៀន ពពួកផ្លែក្រូច សូកូឡា កាហ្វេអ៊ីន ភេសជ្ជៈដែលមានជាតិហ្គាស។ល។
៤. ការប្រែប្រួលរូបរាងកាយ
ស្របពេលដែលទារកលូតលាស់ ស្បូនដែលរីកធំអាចរុញក្រពះឡើងទៅខាងលើ និងបង្កើនឱកាសនៃការច្រាល់អាស៊ីដ និងក្រហាយទ្រូង។
៥. ស្រ្តេស និងផ្លូវចិត្ត
ស្រ្តេស និងការថប់បារម្ភ អាចធ្វើឲ្យរោគសញ្ញាក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរជាងមុន។ ជាក់ស្តែង ម៉ាក់ៗអាចមានការប្រែប្រួលអារម្មណ៍ និងកើនឡើងកម្រិតស្ត្រេសអំឡុងពេលពពោះ ដែលកត្តានេះរួមចំណែកដល់ការវិវត្តនៃអាការក្រហាយទ្រូង។
គន្លឹះជៀសវាងបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ
• ជៀសវាងអាហារដែលនាំឱ្យក្រហាយទ្រូង
• ទំពារអាហារយឺតៗ និងឱ្យម៉ត់ល្អ
• ជៀសវាងគេងភ្លាមៗក្រោយញ៉ាំអាហាររួច
• ស្លៀកសំលៀកបំពាក់រលុងៗ ជាពិសេសនៅបរិវេណពោះ
• ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់
• គ្រប់គ្រងស្ត្រេសឱ្យបានល្អ តាមរយៈការធ្វើសកម្មភាពកំសាន្តផ្សេងៗ ហាត់ប្រាណបែបស្រាលៗ ឬធ្វើសមាធិ។ល។
• ក្នុងករណីដែលបញ្ហាក្រហាយទ្រូងមិនបាត់ទៅវិញ ឬកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ៕
ប្រភព៖Hellokrupet