ក្លិប Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិប Chelsea ដែលមានតម្លៃប្រហែល ៦៥ លានផោន បូកនឹងប្រាក់បន្ថែមដែលអាស្រ័យលើទម្រង់លេងសម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Kai Havertz ។ វានឹងអនុញ្ញាតឱ្យកីឡាករពិភាក្សាអំពីលក្ខខណ្ឌផ្ទាល់ខ្លួន និងពិនិត្យសុខភាពជាមួយ Arsenal ។
Havertz ដែលមានវ័យ ២៤ឆ្នាំ បានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុង ៤៧ ប្រកួតសម្រាប់ក្រុមតោខៀវកាលពីរដូវកាលមុន។ គេបានចូលរួមជាមួយ Chelsea ពីក្លិប Bayer Leverkusen ក្នុងឆ្នាំ២០២០ ក្នុងតម្លៃខ្លួនប្រហែល ៧១ លានផោន។ Havertz ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះឱ្យ Chelsea ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២១ ទល់នឹង Manchester City ផងដែរ។
Havertz គ្រោងនឹងធ្វើដំណើរឆ្លងកាត់ទីក្រុងឡុងដ៍ ខណៈអ្នកចាត់ការទូទៅ Mikel Arteta សម្លឹងមើលការពង្រឹងក្រុម Arsenal របស់គាត់ សម្រាប់ក្របខណ្ឌ Champions League នៅរដូវកាលថ្មីខាងមុខនេះ។
Arsenal ក៏កំពុងតាមប្រមាញ់ខ្សែបម្រើអង់គ្លេស Declan Rice ដែលជាប្រធានក្រុម West Ham ផងដែរ ប៉ុន្តែសំណើជាលើកទីពីរសម្រាប់កីឡាករវ័យ ២៤ ឆ្នាំដែលមានតម្លៃរហូតដល់ទៅ ៩០ លានផោន ត្រូវបានច្រានចោលកាលពីថ្ងៃអង្គារ៕