ខ្សែប្រយុទ្ធ Lionel Messi នឹងចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងឱ្យក្រុមថ្មី Inter Miami នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលក្រុមស្ថិតនៅក្របខណ្ឌ Major League Soccer មួយនេះទទួលស្វាគមន៍ក្រុម Crus Azul របស់ម៉ិកស៊ិកនៅក្នុងជំនួបបើកឆាកពានរង្វាន់ Leagues Cup។
ការប្រកួតពានរង្វាន់ Leagues Cup ជាការប្រជែងដណ្តើមពានរង្វាន់រវាងក្លិបស្ថិតនៅក្របខណ្ឌ MLS និងក្លិបស្ថិតនៅក្របខណ្ឌ Liga MX របស់ប្រទេសម៉ិកស៊ិក។
សម្រាប់ Messi នឹង Inter Miami បានយល់ព្រមចុះកិច្ចសន្យារវាងគ្នា ហើយមកដលពេលនេះ Messi ត្រូវរង់ចាំតែការធ្វើលិខិតការងារក៏ដូចជាទិដ្ឋការឆ្លងដែនផ្សេងៗ រួចរាល់តែប៉ុណ្ណោះ ដើម្បីអាចធ្វើឱ្យកីឡាករសញ្ជាតិអាហ្សង់ទីន អាចប្រកាសជាផ្លូវការពីការចូលរួមក្លិបថ្មីក្នុងខែមិថុនានេះ។
Messi បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ កន្លះជាមួយ Inter Miami ដោយទទួលបានតម្លៃខ្លួនប្រមាណ ៥០លានដុល្លារ ទៅ ៦០លានដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងជម្រើសបន្តដល់កិច្ចសន្យាដល់ឆ្នាំ ២០២៦។
មិនត្រឹមតែប៉ុណ្ណោះ ក្លិប Inter Miami បានអះអាងថា ការមកដល់របស់ Messi នៅក្នុងទឹកដីអាមេរិក នឹងធ្វើឱ្យក្របខណ្ឌ MLS កាន់តែជក់ចិត្តនិងជួយអោយលីគអាមេរិកក្លាយជាលីគដ៏ល្អមួយនៅក្នុងចំណោមលីគកំពូលលើពិភពលោក។
ចាប់តាំងពីព័ត៌មានដែល Messi បានចូលរួមជាមួយនឹងក្លិប Inter Miami មក ឥទ្ធិពលរបស់កីឡាករវ័យ ៣៥ឆ្នាំ បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយតម្លៃសំបុត្រការប្រកួតបានកើនឡើងតម្លៃប្រមាណ ១,០៣៤ភាគរយ នឹងបានធ្វើឱ្យគេហទំព័រក្លិបនៅលើបណ្តាញ Instagram កើនឡើងប្រមាណ ៨លាននាក់ក្នុងរយៈពេលចុងក្រោយនេះ៕