ភ្នំពេញ៖ លោកតា លូ បានហាប ដែលជាស្ថាបត្យករជើងចាស់ល្បីល្បាញមួយរូបរួមជំនាន់ជាមួយលោកតា វណ្ណ ម៉ូនីវណ្ណ បានទទួលមរណភាពនៅប្រទេសបារាំងកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះដោយសាររោគគាពាធ។
លោកតា លូ បានហាប ដែលត្រូវបានកូនខ្មែរជំនាន់ក្រោយស្គាល់តាមរយៈសំណង់ស្នាដៃជាច្រើនក្នុងនោះរួមមាន សណ្ឋគារកាំបូឌីយ៉ាណា ព្រះរាជដំណាក់ព្រះគន្ធបុប្ជា មហោស្រពចេនឡា អគារប៉ូឌីង វិទ្យាល័យទួលស្វាយព្រៃ គុកទួលស្លែង សួនច្បារវិមានឯករាជ្យ រួមទាំងសំណង់ស្នាដៃជាច្រើនទៀតផងដែរ។
ការបាត់បង់ស្ថាបត្យករជើងចាស់ដ៏ល្បីរូបនេះបានធ្វើឱ្យបងប្អូនខ្មែរជាច្រើនចូលរួមសោកស្តាយជាខ្លាំងផងដែរ។ គួរបញ្ជាក់ផងដែរថា លោក លូ បានហាប មានស្រុកកំណើតនៅខេត្តកំពង់ចាម នៅពេលដែលលោកមានអាយុបាន១៤ឆ្នាំ លោកបានផ្លាស់ទីលំនៅមករស់នៅភ្នំពេញដើម្បីសិក្សានៅថ្នាក់អនុវិទ្យាល័យ ដោយត្រូវរស់ពឹងនឹងទីអារាម។ លោកជាសិស្សឧស្សាហ៍សិក្សារៀនសូត្រ រហូតលោកត្រូវបានសម្តេច ប៉ែន នុត យកទៅរស់នៅជាមួយឧបត្ថម្ភគាំទ្រ ក្នុងការរស់នៅ និងសិក្សា។
នៅឆ្នាំ១៩៤៩ លោកត្រូវបានបញ្ជូនឱ្យទៅសិក្សានៅប្រទេសបារាំង សិក្សាផ្នែកវិស្វករ ប៉ុន្តែក្រោយមកគាត់បានប្តូរទៅសិក្សាផ្នែកស្ថាបត្យកម្មវិញ។ សិក្សានៅប្រទេសអ៊ីរ៉ុបលោកបានធ្វើដំណើរទៅជាច្រើនប្រទេស ដែលធ្វើឱ្យលោកទទួលបាន បទពិសោធន៍ និងចំណេះដឹងជាច្រើន លុះត្រលប់មកមាតុប្រទេសវិញ លោកបានទទួលកិច្ចការងារជាច្រើនពាក់ព័ន្ធនឹងផ្នែកសំណង់រហូតសាងសមិទ្ធផលស្នាដៃគួរឱ្យស្ងើចសរសើរ៕