សហរដ្ឋអាមេរិក នឹងត្រូវធ្វើម្ចាស់ផ្ទះការប្រកួត FIFA Club World Cup ផ្នែកបុរស ដែលមានក្រុមចូលរួមរហូតដល់ ៣២ក្រុមជាលើកដំបូងនៅឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ប្រមុខសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ។
ជុំវិញរឿងនេះ លោក Gianni Infantino បានលើកឡើងថា៖ “ការប្រកួត Club World Cup ទម្រង់ថ្មីដែលគ្រោងធ្វើលើកទី១នៅទឹកដីអាមេរិក នឹងក្លាយជាចំណុចប្រកួតប្រជែងកម្រិតកំពូលក្នុងវិស័យបាល់ទាត់សម័យទំនើប។”
កាលពីខែមីនាកន្លងទៅ FIFA បានបញ្ជាក់ថា Club World Cup ទម្រង់ថ្មីនឹងប្រកួតរៀងរាល់៤ឆ្នាំម្តង ចាប់ពីខែមិថុនា ឆ្នាំ២០២៥តទៅ ដោយមានក្រុមសរុបចូលរួមចំនួន៣២ក្រុម។ Club World Cup ដែលរៀបចំការប្រកួតរៀងរាល់១ឆ្នាំម្តង មានក្រុមចំនួន៧ចូលរួម នឹងត្រូវបញ្ឈប់នៅក្រោយបញ្ចប់ការប្រកួតឆ្នាំ២០២៣។ ការប្រកួត Club World Cup លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ ២០២៣ នឹងត្រូវធ្វើនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
ក្រុមដែលនឹងមានសិទ្ធិលេងក្នុងព្រឹត្តិការណ៍ Club World Cup ទម្រង់ថ្មីនៅឆ្នាំ២០២៥ ត្រូវជ្រើសរើសក្រុមពីអឺរ៉ុប UEFA ១២ក្រុម អាមេរិកឡាទីន CONMEBOL ៦ក្រុម អូសេអានី OFC ១ក្រុម អាមេរិកកណ្តាល CONCACAF ៤ក្រុម អាហ្វ្រិក CAF ៤ក្រុម អាស៊ី AFC ៤ក្រុម បូករួមនឹងម្ចាស់ផ្ទះ សរុប៣២ក្រុម។
ក្រុមទាំង៣២ត្រូវជ្រើសរើសពីក្រុមជើងឯកនៃលីគតាមទ្វីបរៀងៗខ្លួន ចាប់ពីឆ្នាំ ២០២១-២០២៤ ដែលមានន័យថា Chelsea, Real Madrid និងម្ចាស់ជើងឯក Champions League កាលពីរដូវកាលមុន Manchester City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម Club World Cup ឆ្នាំ២០២៥។
រៀបចំ២០លើកកន្លងមក Real Madrid ដែលជាម្ចាស់ការពារជើងឯក ឈ្នះ FIFA Club World Cup ច្រើនជាងគេចំនួន៥លើក តាមពីក្រោយដោយ Barcelona ៣លើក Bayern Munich និង Corinthians ២លើកដូចគ្នា ក្រៅពីនោះ Manchester United, Chelsea, Liverpool, Inter Milan, AC Milan, Sao Paulo និង Internacional ឈ្នះ១លើកដូចគ្នា៕