ឥណ្ឌូណេស៊ី៖ បុរសជាអ្នកនេសាទជនជាតិឥណ្ឌូណេស៊ីវ័យ ៥៩ឆ្នាំឈ្មោះ Ambo បានបង្ហាញឱ្យដឹងថាលោកមានមិត្តល្អជាសត្វក្រពើមួយក្បាលដែលមានប្រវែង ៤ម៉ែត្រដែលទំនាក់ទំនងជាមិត្តល្អនេះមានរយៈពេល ២៦ឆ្នាំមកហើយ។
Ambo បានរៀបរាប់ដំណើររឿងដែលធ្វើឱ្យភាពស្និទ្ធស្នាលកើតឡើងថា ក្រពើប្រវែង ៤ម៉ែត្រនេះលោកបានឱ្យឈ្មោះ Rizka បានហែលតាមទូករបស់លោកពេលលោកចេញទៅនេសាទនៅទន្លេ។ កាលណោះ Rizka មានប្រវែងតែ ១ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែពេលនេះវាបានធំធាត់ដែលមានប្រវែង ៤ម៉ែត្រក្រោមការចិញ្ចឹមរបស់លោកដាក់ចំណីឱ្យជាប្រចាំរយៈពេល ២៦ឆ្នាំមកនេះ។
អ្នកនេសាទជនជាតិឥណ្ឌូណេស៊ីរូបនេះបានបន្ថែមថា Rizka តែងហែលមករកលោករាល់ពេលដែលឃ្លានដែលជារឿយៗលោកតែងបោះមាន់ ៣ក្បាលជាចំណី ហើយទោះបីពេលណាលោកចេញពីភូមិប៉ុន្មានថ្ងៃក៏លោកបានផ្តាំអ្នកជិតខាងឱ្យជួយបោះចំណីឱ្យដែរ។ Ambo ថែមទាំងបញ្ជាក់ទៀតថា រាល់ពេលដែលទទួលបានចំណីហើយក្រពើមួយនេះមិនព្រមទៅណាឡើយប្រសិនបើលោកមិនឱនថើបទេនោះ។
ទោះបីជាបានចិញ្ចឹម និងបង្កើតភាពស្និទ្ធស្នាលជាមួយ Rizka រយៈពេល ២៦ឆ្នាំហើយក៏ពិតមែនប៉ុន្តែ Ambo បានបញ្ជាក់អារម្មណ៍របស់លោកថា លោកនៅតែមានអារម្មណ៍ភ័យខ្លាចនៅពេលអង្គុយក្បែរក្រពើដ៏ធំដែលអាចលេបលោកទាំងមូលបាន ប៉ុន្តែលោកសុខចិត្តប្រថុយជីវិតដោយសារពាក្យថា “មិត្តភាព”៕