ក្រុម Manchester United បានច្រានចោលសំណើខ្ចីជើងពី Borussia Dortmund សម្រាប់ Jadon Sancho ប៉ុន្តែក្លិបមានបំណងលក់កីឡាករអង់គ្លេសក្នុងតម្លៃត្រឹមតែ ៤៥លានផោនប៉ុណ្ណោះក្នុងទីផ្សារដោះដូរកីឡាករនេះ។
Sancho បានមកដល់កីឡដ្ឋាន Old Trafford ពីក្រុម Dortmund ក្នុងកិច្ចព្រមព្រៀង ៧៣ លានផោនកាលពី ២ ឆ្នាំមុន ប៉ុន្តែរូបគេមិនអាចជះឥទ្ធិពលវិជ្ជមានសម្រាប់ក្លិបនោះទេ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានបាត់បង់កៅអីជម្រើស១១នាក់ដំបូងកាលពីរដូវកាលមុន ដោយតម្រូវឱ្យហ្វឹកហាត់តែម្នាក់ឯងរយៈពេល២ខែ ដើម្បីកសាងទំនុកចិត្ត និងកាយសម្បទាឡើងវិញ។
ក្លិបមួយចំនួន ត្រូវបានរាយការណ៍ថាមានចំណាត់អារម្មណ៍ក្នុងការផ្ទេរខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម ដោយក្រុម Dortmund មានបំណងនាំយក Sancho ត្រឡប់ទៅកាន់ក្របខណ្ឌអាល្លឺម៉ង់វិញ។ ក្លិបនេះ ចង់ខ្ចីជើងពេញមួយរដូវកាល ប៉ុន្តែសំណើនេះត្រូវបានច្រានចោលដោយ Man Utd។ ទោះជាយ៉ាងណា Man United អាចនឹងលក់កីឡាកររូបនេះជាអចិន្ត្រៃយ៍ ក្នុងតម្លៃខ្ទង់ ៤៥ លានផោន។
សារព័ត៌មាន The Athletic បានរាយការណ៍ថា Man Utd កំពុងចង់បានអ្នកចាំទី Justin Bijlow ប៉ុន្តែសេចក្ដីរាយការណ៍នៅប្រទេសហូឡង់ បានរាយការណ៍ថា អ្នកចាំទីវ័យ ២៥ឆ្នាំនេះគឺមិនមែនសម្រាប់លក់នោះទេ។
ទន្ទឹមនេះ លោក Erik ten Hag អ្នកចាត់ការរបស់ក្រុមបិសាចក្រហម ចង់បានអ្នកចាំទីម្នាក់ នៅពេលដែលអ្នកចាំទី David De Gea បានផុតកុងត្រាជាមួយក្លិប កាលពីចុងសប្ដាហ៍កន្លងទៅ៕