×

អារ៉ាប៊ីសាអ៊ូឌីត គ្រោងបង្កើតទីក្រុង Esportsតម្លៃ ៥០០លានដុល្លារ

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គ្រោងនឹងសាងសង់ទីក្រុងកីឡាអេឡិចត្រូនិក (Esports) តម្លៃ ៥០០ លានដុល្លារនៅក្នុងរដ្ឋធានីរីយ៉ាត់ ខណៈប្រទេសនេះ មានបំណងក្លាយជាមជ្ឈមណ្ឌលសាកលសម្រាប់ឧស្សាហកម្មកីឡាអេឡិចត្រូនិកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ InsidetheGames.biz ។

លោក Mohammed AlQahtani នាយកប្រតិបត្តិនៃក្រុមហ៊ុន Saudi Arabia Holding Company បាននិយាយថា ទីតាំងដែលគ្រោងនឹងបង្កើតជាទីក្រុង Esports នឹងអាចទទួលបដិសណ្ឋារកិច្ចបាន ២ម៉ឺននាក់ ហើយនឹងរៀបចំព្រឹត្តិការណ៍កីឡា Esports ជាច្រើន រួមទាំងព្រឹត្តិការណ៍ World Cyber Games ផងដែរ។

លោក AlQahtani បានសរសេរនៅលើ LinkedIn ថា៖ “ទីក្រុងនេះគឺជាផ្នែកមួយនៃ Saudi Vision 2030 ដែលមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសឱ្យឆ្ងាយពីប្រេង។ ផែនការនេះក៏រួមបញ្ចូលផងដែរនូវការផ្តោតទៅលើការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិករបស់ប្រទេស ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារ។”

លោកបន្ថែមថា៖ “ទីក្រុងកីឡាអេឡិចត្រូនិកត្រូវបានគេរំពឹងថានឹងទាក់ទាញក្រុមកីឡាអេឡិចត្រូនិកធំៗ និងកីឡាករមកពីជុំវិញពិភពលោក។ ទីក្រុងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤។ ការអភិវឌ្ឍនៃទីក្រុងកីឡាអេឡិចត្រូនិកក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បង្ហាញពីឱកាសជាច្រើនសម្រាប់អ្នកវិនិយោគនិងអ្នកផលិតកីឡាអេឡិចត្រូនិក។”

លោកបន្តថា៖ “ទីផ្សារកីឡាអេឡិចត្រូនិកពិភពលោក ត្រូវបានគេរំពឹងថានឹងមានតម្លៃ ១,៦ ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ ហើយអារ៉ាប៊ីសាអ៊ូឌីតគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលរីកចម្រើនលឿនបំផុតនៅលើពិភពលោក។”

ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៣ ព្រឹត្តិការណ៍ World Cyber Games បានដំណើរការជារៀងរាល់ឆ្នាំ ប៉ុន្តែបានផ្អាកកាលពីមុនឆ្នាំ២០១៩។ វាធ្លាប់បានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក សិង្ហបុរី អ៊ីតាលី អាល្លឺម៉ង់ និងចិន។

ការវិវឌ្ឍចុងក្រោយនេះបានបង្ហាញពីមហិច្ឆតារបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីក្លាយជាមេដឹកនាំនៅក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិក។ ប្រទេសនេះ បានចំណាយប្រាក់ជិត ៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុនផលិតកីឡាអេឡិចត្រូនិកផ្សេងៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង